សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប, រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅថ្ងៃទី២១ ខែកុម្ភៈនេះ
- February 15, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ស្នើតែងតាំងដំឡើងឋានៈជូនថ្នាក់ដឹកនាំចំនួន ៣រូប។ ការបោះឆ្នោតផ្ដល់ទំនុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលខាងលើ នឹងប្រព្រឹត្តនៅក្នុងសម័យប្រជុំវិសាមញ្ញនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

បើយោងតាមប្រភពពីគណនីផេកហ្វេសប៊ុកផ្លូវការរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បន្ទាប់ពីបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានអនុម័តកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ចំនួនពីរលើកនាពេលខាងមុខនេះ តាមសំណើរបស់រាជរដ្ឋាភិបាល។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញលើកទី១ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។ តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈនេះ មានរបៀបវារៈតែមួយ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប មាន៖
– ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ
– ឯកឧត្តម ស៊្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
– ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
ប្រភពខាងលើ បានបន្ថែមទៀតថា សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតំាងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ចំនួន ២រូប ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧ ក្នុងចំណោមបេក្ខជនសរុបចំនួន ៥រូប ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានដាក់ពាក្យស្នើសុំជាបេក្ខជន។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកនេះ ក៏បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសម្រាប់ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងម៉ារ៉ាកេសស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ចូលកិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល តាមសំណើរបស់រាជរដ្ឋាភិបាល មកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញដែរ៕








ប្រភព៖ Khuon Sudary, President of the National Assembly of Cambodia
- Share This Post:






