ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ទុកពេលឱ្យ ៧ថ្ងៃ! រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធាការចំពោះម្ចាស់អាជីវកម្មលក់ដូរ ដែលយកចិញ្ចើមផ្លូវប្រកបអាជីវកម្ម ចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ នៅផ្លូវម៉ៅសេទុង

    BY Khmernote Media February 17, 2024
    ទុកពេលឱ្យ ៧ថ្ងៃ! រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធាការចំពោះម្ចាស់អាជីវកម្មលក់ដូរ ដែលយកចិញ្ចើមផ្លូវប្រកបអាជីវកម្ម ចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ នៅផ្លូវម៉ៅសេទុង

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ បានឱ្យដឹងថា រដ្ឋបាលខណ្ឌទួលគោក អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ២៤៥ (ម៉ៅសេទុង) ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ សូមបញ្ឈប់ការប្រកបអាជីវកម្មលក់ដូរនៅលើផ្លូវសាធារណៈ និងមិនអនុញ្ញាតឲ្យចតយានយន្តនៅលើផ្លូវសាធារណៈបន្តទៀតឡើយ។

    ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ និងលុបបំបាត់ការយកចិញ្ចើមផ្លូវសាធារណៈមកប្រើប្រាស់ ជាប្រយោជន៍ឯកជន រដ្ឋបាលខណ្ឌទួលគោក បានរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវលេខ២៤៥ (មហាវិថីម៉ៅសេទុង) ក្នុងភូមិសាស្ត្រខណ្ឌទួលគោក រាជធានីភ្នំពេញ ជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខណ្ឌទួលគោក សង្កេតឃើញថា មានបងប្អូនម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទបានយកចិញ្ចើមផ្លូវសាធារណៈប្រកបអាជីវកម្ម និងចោលសំរាម គ្មានសណ្តាប់ធ្នាប់ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងប្រព័ន្ធលូ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ព្រមទាំងបាត់បង់ សោភ័ណភាព របៀបរៀបរយ និងសណ្ដាប់ធ្នាប់សាធារណៈ។

    ក្នុងន័យនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រដ្ឋបាលខណ្ឌ និងក្រុមការងារ អាចធ្វើការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន នៅតាមបណ្តោយផ្លូវលេខ២៤៥(មហាវិថីម៉ៅសេទុង) ឱ្យបានល្អប្រសើរ រដ្ឋបាលខណ្ឌទួលគោក សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

    ១. បញ្ឈប់ការប្រកបអាជីវកម្មលក់ដូរទំនិញគ្រប់ប្រភេទលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ព្រមទាំងយកទីតាំង ដីសាធារណៈនៅមុខផ្ទះរបស់ខ្លួនដែលអាជ្ញាធរបានកំណត់ ជួល ឬធ្វើអាជីវកម្មលក់ដូរជាដាច់ខាត។

    ២. មិនអនុញ្ញាតឱ្យមានការចត ឬឈប់យានយន្តដឹកជញ្ជូនទំនិញ ដើម្បីផ្ទេរទំនិញគ្រប់ប្រភេទ តាមមធ្យោបាយ ដឹកជញ្ជូនគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ លើកំណាត់ផ្លូវលេខ២៤៥ (ចាប់ពីផ្លូវលេខ ១៨២ ដល់ផ្លូវលេខ២១៧)។

    រដ្ឋបាលខណ្ឌទួលគោក ទុករយៈពេល០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្នុងករណីមិនអនុវត្តតាមសេចក្តី ជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ សម្ភារ និងទ្រព្យសម្បត្តិណាមួយឡើយ។ ក្នុងករណីមានការរារាំងប្រឆាំងនឹងការអនុវត្តវិធានការរដ្ឋបាល របស់អាជ្ញាធរមាន សមត្ថកិច្ច នឹងឈានដល់ការអនុវត្តវិធានការច្បាប់ ៕

    ប្រភព៖ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១

    Share This Post:
    MPO4D jitutoto mpo4d Mpoplay