ព័ត៌មានជាតិ

ភ្ញៀវទេសចរបរទេសជាង ៣០០នាក់ មកទស្សនកិច្ចកម្ពុជា តាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ

BY
Khmernote Media
February 19, 2024

ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍បរទេស ០១គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣០០នាក់ ធ្វើទស្សនកិច្ចខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ។

តាមការឱ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍្តច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ នាវាទេសចរណ៍បរទេសចំនួន ០១គ្រឿង មានឈ្មោះ CRYSIAL SYMPONY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៣០០នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

នាវាទេសចរណ៍ CRYSIAL SYMPONY មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៣៨,០១ម៉ែត្រ ទទឹង ៣០.២០ម៉ែត្រ (http://xn--84ef.xn--x2erh2n8a6c3ep/) បានធ្វើដំណើចាកចេញពីប្រទេសថៃ ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១២ និង ០៥នាទី ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤ ។ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង២០ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។សម្រាប់ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍បរទេស CRYSIAL SYMPONY មានចំនួន ៣១៣នាក់ ស្រី ១៥៤នាក់ មាន២៥សញ្ជាតិ និងមាននាវិកសរុបចំនួន ៤៤៣នាក់ ស្រី ៩៦នាក់ មាន ៤៩សញ្ជាតិ។ ភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អាមេរិកចំនួន ១៩៣នាក់ អង់គ្លេស ២៤នាក់។ ក្នុងនោះភ្ញៀវទេសចរចូលក្នុងប្រទេសកម្ពុជា ចេញទៅទស្សនាអង្គរ ខេត្តសៀមរាបមានចំនួន ២៥នាក់ ស្រី ១៣នាក់ មាន ០២សញ្ជាតិ ។

សូមជម្រាបជូនថា ភ្ញៀវទេសចរបានធ្វើដំណើរកម្សាន្តនៅតាមទីប្រជុំជនក្នុងក្រុងព្រះសីហនុ និងតំបន់រាម ក្នុងស្រុកព្រៃនប់ មានដូចជា ក្រុងព្រះសីហនុ មានដូចជាទី ប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) តាមតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ និងរូបសំណាកសំខាន់នៅតំបន់ស្រុកព្រៃនប់ មានដូចជា រូប សំណាក ព្រះថោងនាងនាគ និងរូបសំណាកផ្សេងទៀត។ ទន្ទឹមនេះ ក៏មានកិច្ចការពារសន្តិសុខ សុវត្ថិភាពសាធារណពីកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរក្រុង អាជ្ញាធរខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាពផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: