ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ចូលលួចប្រាក់ផ្ទះវីង និងធ្លាប់ជាមុខសញ្ញាលួចចំនួន ១២លើកក្នុងរាជធានី-ខេត្ត ត្រូវបានឃុំនៅពន្ធនាគារ ចំណែកបក្ខពួកនៅសល់ កម្លាំងជំនាញកំពុងស្វែងរក

BY
Khmernote Media
February 20, 2024

ខេត្តកណ្តាល៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ពាក់ព័ន្ធករណីលួច (លួចប្រាក់ផ្ទះវីង) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ១០៖១៦នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះវេលុយវីង ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រុកកៀនស្វាយ ដឹកនាំដោយ លោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំកម្លាំងដោយផ្ទាល់ប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។

គួបផ្សំនឹងឆន្ទៈតស៊ូព្យាយាមសាមគ្គីសហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ សម្ភារបាត់បង់ប្រាក់រៀល និង ប្រាក់ដុល្លារមួយចំនួន។

វត្ថុតាងចាប់យករួមមាន៖រថយន្ត ០១គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទដៃ ០១គ្រឿង, ថ្នាំញៀន(ម៉ាទឹកកក) ០១កញ្ចប់, លិខិតឆ្លងដែន០២ច្បាប់, សៀវភៅគ្រួសារ០១ច្បាប់, សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត០៤ច្បាប់, សំបុត្របញ្ជាក់កំណើតចំនួន០៤ច្បាប់, មួកសុវត្ថិភាព០៤, មួកក្រណាត់០៣ (ពាក់ធ្វើសកម្មភាព), ស្បែកជើងស្ត្រី០១គូ, លោហៈធាតុពណ៌លឿង (កងដៃចំនួន០៧វង់, ខ្សែកចំនួន០២ខ្សែ, ក្រវិលពណ៌លឿង០១ចំហៀង ,ចិញ្ជៀន០២វង់), ប័ណ្ណបើកបរ០២សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០៣សន្លឹក, ឯកសារបង់រំលស់ម៉ូតូ០១ច្បាប់, អាវពាក់ធ្វើសកម្មភាព០៦ (អាវប្រុស០៣ ស្រី០៣), កាបូបស្ពាយស្រ្តីធ្លាប់ធ្វើសកម្មភាព០១, ក្រដាសប្រាក់មួយរយរៀលចំនួន១៥២សន្លឹក(មួយម៉ឺនប្រាំពាន់ពីររយរៀល), កាតវីង០៤សន្លឹក, កាតវីសា(ស្ថាបនា) ០២សន្លឹក, កាត និងវីសាកាត ABA ០២សន្លឹក, លិខិតបញ្ជាក់សុំកាន់កាប់ដីធ្លី០១ច្បាប់ ០៣សន្លឹក, ប័ណ្ណសំគាល់ទោចក្រយានយន្ត និងយានយន្ត (កាត់គ្រី) ០២សន្លឹក, ដាវដែក០១ និងដំបងឆក់០១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ក្រុមបក្ខពួករបស់គេមានគ្នាចំនួន០៧នាក់ (ប្រុស០៥ ស្រី០២) ធ្លាប់បានធ្វើសកម្មភាពចំនួន១២លើក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន និងខេត្តកណ្តាល។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច ចំណែកបក្សពួកនៅសល់ កម្លាំងជំនាញបាននឹងកំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី​ ៕

ប្រភព​៖ GRK News

Share This Post: