អន្តរជាតិ

សេវាសុខាភិបាលនៅកូរ៉េខាងត្បូងកាន់តែមានបញ្ហាធ្ងន់ធ្ងរ ក្រោយក្រុមសិក្ខាកាមវេជ្ជបណ្ឌិតជាង ៨,៤០០នាក់សម្រេចបោះបង់ចោលការងារយ៉ាងឆាប់រហ័ស

BY
Pheakdey
February 23, 2024

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងកំពុងតែត្រួតពិនិត្យអំពីលទ្ធភាពនៃការប្រើប្រាស់មន្ទីរពេទ្យសាធារណៈឲ្យដល់កម្រិតអតិបរមាដើម្បីឆ្លើយតបទៅនឹងការបោះបង់ចោលការងាររាប់ពាន់កន្លែងយ៉ាងឆាប់រហ័សពីសំណាក់ក្រុមសិក្ខាកាមវេជ្ជបណ្ឌិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៣ ខែកុម្ភៈនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំស្តីការគ្រប់គ្រងគ្រោះមហន្តរាយ លោកនាយករដ្ឋមន្ត្រី Han Duck-soo បានបញ្ជាក់ថា វាគឺជាដំណោះស្រាយបន្ទាន់មួយដែលគ្រប់មន្ទីរពេទ្យទាំងអស់ត្រូវតែព្យាយាមបើកប្រតិបត្តិការណ៍ឲ្យដល់កម្រិតខ្ពស់បំផុត ដូចជាបន្ថែមម៉ោងប្រតិបត្តិការប្រចាំថ្ងៃ បន្តបើកដំណើរនៅថ្ងៃចុងសប្តាហ៍ និងនៅក្នុងថ្ងៃបុណ្យជាតិជាដើម។

គួរបញ្ជាក់ជូនថា បញ្ហាដែលបានកើតមាននៅក្នុងប្រព័ន្ធសុខាភិបាលកូរ៉េខាងត្បូងនៅពេលនេះ គឺបានកើតឡើងក្រោយក្រុមសិក្ខាកាមវេជ្ជបណ្ឌិតរាប់ពាន់នាក់បាននាំគ្នាឈប់ធ្វើការងារជាបន្ទាន់ ដើម្បីមកតវ៉ាប្រឆាំងនឹងផែនការដំឡើងកូតាសិស្សឲ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ គិតត្រឹមពេលនេះក្រុមសិក្ខាកាមដែលបាននាំគ្នាទៅធ្វើការតវ៉ានោះមានចំនួនជាង ៨,៤០០នាក់ ដែលស្មើនឹង ៦៤% ឬជិត ២ភាគ៣ នៃក្រុមវេជ្ជបណ្ឌិតវ័យក្មេងសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។

សូមបញ្ជាក់ជូនថា​ នាពេលបច្ចុប្បន្នប្រទេសកូរ៉េខាងមានផែនការជ្រើសរើសនិសិ្សតឲ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ៣,០៥៨នាក់ក្នុងមួយឆ្នាំ ខណៈនៅក្នងផែនការថ្មីចាប់ពីឆ្នាំ ២០២៥ ទៅ គឺរដ្ឋាភិបាលកូរ៉េខាងត្បូងចង់បង្កើនចំនួនកូតានេះ ២,០០០នាក់បន្ថែមទៀតជារៀងរាល់ឆ្នាំ។ សម្រាប់រដ្ឋាភិបាលបានយល់ឃើញថា ការបង្កើនចំនួននិស្សិតពេទ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង តែសម្រាប់ក្រុមអ្នកតវ៉ាវិញ បានលើកឡើងថាផែនការនេះ នឹងបង្កើតឲ្យមានគ្រូពេទ្យច្រើនលើសពីតម្រូវការជាក់ស្តែងនៅពេលអនាគត៕

 

អត្ថបទ៖ ភក្តី

ប្រភព៖

Share This Post: