អន្តរជាតិ

រដ្ឋផ្លរីដា សហរដ្ឋអាមេរិក កំពុងពិចារណាអនុវត្តច្បាប់ហាមឃាត់មិនឲ្យពលរដ្ឋវ័យក្មេងប្រើប្រាស់បណ្តាញសង្គមនោះទេ

BY
Pheakdey
February 24, 2024

អាមេរិក៖ រដ្ឋផ្លរីដា សហរដ្ឋអាមេរិកកំពុងពិចារណាអនុវត្តច្បាប់គ្រប់គ្រងលើការប្រើប្រាស់បណ្តាញសង្គមដ៏តឹងរឹងមួយ ហើយតាមរយៈច្បាប់ថ្មីនេះអាជ្ញាធររដ្ឋផ្លរីដាក៏អាចហាមឃាត់ពលរដ្ឋវ័យក្មេងមិនឲ្យប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលអាចជះឥទ្ធិពលអាក្រក់ដល់ពួកគេផងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈនេះបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺសេចក្តីព្រាងច្បាប់ខាងលើនេះត្រូវបានបញ្ជូនដល់សភានីតិបញ្ញត្តិនៃរដ្ឋផ្លរីដារួចហើយ តែការអ​នុម័តជាផ្លូវការនៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។

បើតាមលោក Ron DeSantis ដែលជាអភិបាលរដ្ឋផ្លរីដាបានឲ្យដឹងថា លោកត្រូវការពេល ១-២ សប្តាហ៍ទៀតដើម្បីត្រួតពិនិត្យច្បាប់ខាងលើនេះឲ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយជាមុនសិនមុននឹងចុះហត្ថលេខាអនុម័តជាផ្លូវការ ដ្បិតច្បាប់មួយនេះអាចជះឥទ្ធិពលដល់ពលរដ្ឋរាប់លាននាក់នៅទូទាំងរដ្ឋផ្លរីដា។ សូមបញ្ជាក់ជូនថា នៅក្នុងការអនុវត្តច្បាប់ខាងលើនេះគឺអាជ្ញាធររដ្ឋផ្លរីដានឹងតម្រូវឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់បញ្ជាក់ពីអាយុពិតនិងព័ត៌មានពិតផ្ទាល់ខ្លួនមួយចំនួនរបស់ពួកគេ ពោលគឺតម្រូវឲ្យមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ហើយវិសាលភាពរបស់ច្បាប់ក៏អនុញ្ញាតឲ្យអាជ្ញាធរអាចកំណត់មាតិការដែលក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមដូចជា Facebook, Instagram, Snapchat, TikTok និង YouTube អាចមើលឃើញផងដែរ ដើម្បីឲ្យអាជ្ញាធរអាចទប់ស្កាត់ពួកគេពីការទទួលបានមាតិការដែលមាននិន្នាការបែបរើសអើងពូជសាសាន៍ លើកទឹកចិត្តឲ្យមានអំពីហិង្សា បាញ់សម្លាប់ ការបៀតបៀនផ្លូវភេទ អសីលធម៌សង្គម និងការឆបោកផ្សេងៗជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: