ម៉ាឡេស៊ីទាញសញ្ញាអាសន្នកម្រិត១អំពីបញ្ហារលកកម្ពៅនៅតាមតំបន់មួយចំនួន
- BY
- Pheakdey
- February 27, 2024
ម៉ាឡេស៊ី៖ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានទាញសញ្ញាអាសន្នកម្រិត១អំពីបញ្ហារលកកម្តៅនៅតាមតំបន់មួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៦ ខែកុម្ភៈនេះ។ ការទាញសញ្ញាអាសន្ននេះត្រូវបានធ្វើឡើងក្នុងគោលបំណងចង់ណែនាំឲ្យពលរដ្ឋនៅតាមតំបន់ទាំងនោះបានដឹងអំពីការកើនឡើងសីតុណ្ហភាពក្នុងកម្រិតដ៏ខ្ពស់ និងដើម្បីឲ្យពួកគេបានត្រៀមការពារខ្លួនពីការកើតមានបញ្ហាសុខភាពផ្សេងៗដែលបង្កឡើងដោយរលកកម្តៅ។

ប្រភពខាងលើនេះបានបន្តថា តំបន់ដែលស្ថិតក្រោមការទាញសញ្ញាអាសន្នអំពីបញ្ហារលកកម្តៅនោះរួមមាន តំបន់ Langkawi, Kubang Pasu, Kota Setar, Pokok Sena, Pendang, Kulim, Baling និង Sik ដែលស្ថិតនៅក្នុងរដ្ឋ Perlis តំបន់ Padang Terap នៃរដ្ឋ Kedah តំបន់ Kuala Kangsar នៃរដ្ឋ Perak និងតំបន់ Central Seberang Prai ដែលស្ថិតនៅក្នុងរដ្ឋ Penang។ យោងតាមតាមការព្យាករណ៍បានបង្ហាញថា តំបន់ខាងលើនេះអាចប្រឈមនឹងសីតុណ្ហភាពក្នុងកម្រិតចន្លោះពី ៣៥-៣៧ អង្សាសេក្នុងរយៈពេល ៣ថ្ងៃជាប់គ្នា ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






