អត្រាពលរដ្ឋកើតថ្មីនៅជប៉ុនបន្តធ្លាក់ចុះខ្លាំង ៨ឆ្នាំជាប់គ្នា ខណៈអត្រាអ្នករៀបការធ្លាក់ចុះក្នុងកម្រិតទាបមិនធ្លាប់មានក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ
- BY
- Pheakdey
- February 27, 2024
ជប៉ុន៖ អត្រាកំណើតនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះយ៉ាងខ្លាំងបំផុតក្នុងកម្រិតមិនធ្លាប់មាននោះទេសម្រាប់នៅក្នុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ។ បើគិតជាតួលេខជាក់ស្តែងវិញគឺពេញមួយឆ្នាំ២០២៣កន្លងនេះ នៅទូទាំងប្រទេសជប៉ុនមានទារកកើតចំនួនត្រឹមតែ ៧៦៨,៦៣១នាក់ប៉ុណ្ណោះ ខណៈបើធៀបទៅនឹងអាត្រាកំណើតនៅក្នុងឆ្នាំ២០២២គឺវាបានធ្លាក់ចុះចំនួន ៥,១%។

ប្រភពខាងលើបានបន្តថា អាត្រាកំណើត ឬអត្រាពលរដ្ឋកើតថ្មីនៅក្នុងប្រទេសជប៉ុនបានបន្តធ្លាក់ចុះក្នុងរយៈពេល ៨ឆ្នាំជាប់គ្នាមកហើយ ខណៈគេបានព្យាករណ៍ថានៅក្នុងពេលអនាគតអាត្រានេះក៏នៅតែមានចំនួនតិចផងដែរ ដ្បិតពលរដ្ឋជប៉ុនដែលមានផ្នត់គំនិតមិនចង់រៀបការ រៀបការហើយមិនចង់មានកូន ឬចង់មានកូនត្រឹមតែមួយកាន់តែមានច្រើននៅឡើងនៅក្នុងសង្គមជប៉ុននាពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៣កន្លងទៅអាត្រាអ្នករៀបការនៅក្នុងប្រទេសជប៉ុនបានធ្លាក់ចុះ ៥,៩% បើធៀបទៅនឹងឆ្នាំ២០២២ ហើយបើគិតជាតួលេខជាក់លាក់វិញគឺពេញមួយឆ្នាំ២០២៣ នៅទូទាំងប្រទេសជប៉ុនមានពិធីមង្គលការត្រឹមតែ ៤៨៩,២៨១ប៉ុណ្ណោះ ដែលវាជាការធ្លាក់ចុះនៃចំនួនអាពាហ៍ពិពាហ៍ក្រោយចំនួន ៥០០,០០០ ក្នុងមួយឆ្នាំជាលើកដំបូងក្នុងរយៈពេល ៩០ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






