អន្តរជាតិ

អាជ្ញាធរកូរ៉េខាងត្បូងដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌចំពោះវេជ្ជបណ្ឌិត ៥រូប ដែលជាមេខ្លោងនាំឲ្យមានបាតុកម្មទ្រង់ទ្រាយធំនៅក្នុងប្រទេស

BY
Pheakdey
February 28, 2024

កូរ៉េខាងត្បូង៖ ក្រសួងសុខាភិបាលនិងសុខុមាលភាពកូរ៉េខាងត្បូងបានសម្រេចដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌចំពោះវេជ្ជបណ្ឌិតចំនួន ៥រូប ដែលមេខ្លោងដឹកនាំការធ្វើបាតុកម្មទ្រង់ទ្រាយធំពីសំណាក់ក្រុមវេជ្ជបណ្ឌិតកម្មសិក្សាដើម្បីប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៨ ខែកុម្ភៈនេះ។ តាមរយៈពាក្យបណ្តឹងព្រហ្មទណ្ឌនេះក្រុមវេជ្ជបណ្ឌិតទាំងនាក់ ៥នាក់អាចប្រឈមនឹងការដកហូតអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់ពួកគេផងដែរ។

គួរកត់សម្គាល់ថា ក្បួនបាតុកម្មបានបន្តអូសបន្លាយអស់រយៈពេលជាង ១សប្តាហ៍មកហើយ ដោយគិតត្រឹមពេលនេះក្រុមវេជ្ជបណ្ឌិតកម្មសិក្សាដែលបានចូលរួមក្នុងបាតុកម្មបានកើនឡើងដល់ខ្ទង់ ៩,០០០នាក់ ខណៈក្រុមវេជ្ជបណ្ឌិតកម្មសិក្សាសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួនសរុប ១៣,០០០នាក់។ សូមរម្លឹកជូនថា ហេតុផលដែលជំរុញឲ្យមានការធ្វើបាតុកម្មគឺដោយសារក្រុមបាតុករមិនពេញចិត្តជាមួយនឹងផែនការដំឡើងកូតានិស្សិតឲ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តពីចំនួន ៣,០៥៨នាក់ ទៅ ៥,០៥៨នាក់ក្នុងមួយឆ្នាំ។

សម្រាប់ក្រុមអ្នកតវ៉ាបានយល់ឃើញថា ការដំឡើងចំនួននិស្សិតចំនួន ២,០០០នាក់បន្ថែមទៀតជារៀងរាល់ឆ្នាំនេះនឹងបង្កើតឲ្យមានគ្រូពេទ្យច្រើនលើសពីតម្រូវការនាពេលអនាគត។ យ៉ាងណាក្តី សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា​ ផែនការដំឡើងចំនួនកំណត់និស្សិតខាងលើនេះត្រូវបានធ្វើឡើងដោយមានការសិក្សាយ៉ាងល្អិតល្អន់ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតគ្រូពេទ្យជាក់ស្តែងនៅក្នុងសង្គម ខណៈក្រុមអ្នកតវ៉ាបារម្ភថានៅពេលដែលមានគ្រូពេទ្យច្រើននៅក្នុងសង្គមគឺពួកគេនឹងលែងមានឱកាសអាចរកប្រាក់ចំណូលបានច្រើនដូចកម្រិតដែលក្រុមគ្រូពេទ្យអាចរកបាននៅក្នុងពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: