អន្តរជាតិ

ការសិក្សាមួយបង្ហាញថា មានមនុស្សជាង ១ពាន់លាននាក់នៅជុំវិញពិភពលោកកំពុងមានបញ្ហាធាត់លើសទម្ងន់

BY
Pheakdey
March 1, 2024

អង់គ្លេស៖ យោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១ ខែមីនានេះបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋនៅទូទាំងពិភពលោកជាង ១ពាន់លាននាក់កំពុងមានបញ្ហាធាត់លើសទម្ងន់។ ការសិក្សាមួយនេះត្រូវបានដឹកនាំធ្វើឡើងដោយលោកសាស្រ្តាចារ្យ Majid Ezzati ជាអ្នកជំនាញផ្នែកសុខភាពប្រចាំនៅក្នុងសាកលវិទ្យាល័យ Imperial College London ដែលជាសាកលវិទ្យាល័យមានជំនាញផ្នែកស្រាវជ្រាវលំដាប់ពិភពលោក។

របាយការណ៍នៅក្នុងការសិក្សាខាងលើនេះបានបង្ហាញថា បញ្ហាធាត់លើសទម្ងន់បានកំពុងតែកើតមានស្ទើរតែគ្រប់ប្រទេសនៅជុំវិញពិភពលោក មិនថាប្រទេសនោះជាប្រទេសមានប្រាក់ចំណូលទាប ឬជាប្រទេសមានប្រាក់ចំណូលខ្ពស់នោះទេ។ នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា​ ក្រុមពលរដ្ឋធាត់លើសទម្ងន់ទាំងអស់នោះក៏កំពុងតែប្រឈមនឹងបញ្ហាសុខភាពផ្សេងៗផងដែរ ប្រសិនបើពួកគេនៅតែបណ្តោយខ្លួនឯងឲ្យកាន់តែធាត់ថែមទៀត ឬមិនព្យាយាមសម្រកជាតិខ្លាញ់អាក្រក់ដែលលើសចេញពីរាងកាយនោះទេ។ សូមបញ្ជាក់ថា តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា ពាក្យ “ធាត់លើសទម្ងន់” (Obesity) គឺមានន័យខុសពីពាក្យ “ធាត់” (Overweight) ពោលគឺ “ធាត់លើសទម្ងន់” សំដៅលើក្រុមមនុស្សដែលធាតុខ្លាំង​ ឬមានទម្ងន់ខ្លួនលើសពីកម្រិតទម្ងន់ស្តង់ដារយ៉ាងច្រើន តែនៅមិនទាន់ធាត់ដល់កម្រិតខ្ពស់បំផុតនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

 

Share This Post: