អន្តរជាតិ

ថៃកំពុងធ្វើវិសោធនកម្មច្បាប់មួយចំនួនដើម្បីអនុញ្ញាតឲ្យគូស្វាមីភរិយាបរទេសអាចទទួលបានសេវាកម្មពពោះជំនួសដោយស្របច្បាប់នៅលើទឹកដីខ្លួន

BY
Pheakdey
March 2, 2024

ថៃ៖ ប្រទេសថៃកំពុងធ្វើវិសោធនកម្មច្បាប់មួយចំនួនដើម្បីអនុញ្ញាតឲ្យគូស្វាមីភរិយាជនជាតិបរទេសអាចទទួលបានសេវាកម្មពពោះជំនួសដោយស្របច្បាប់នៅក្នុងប្រទេសខ្លួន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែមីនានេះ។ គួររម្លឹកជូនថា​ កាលពីឆ្នាំ ២០១៥កន្លងទៅ រដ្ឋាភិបាលថៃបានសម្រេចធ្វើការហាមឃាត់មិនឲ្យជនបរទេសទទួលបានសេវាកម្មខាងលើនេះទេ ក្រោយមានរឿងអាស្រូវទាក់ទង់នឹងការផ្តល់សេវាកម្មនេះបានផ្ទុះឡើងខ្លាំងជាច្រើនករណី។

បើតាមលោក Arkhom Praditsuwan អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខាភិបាលថៃបានបញ្ជាក់ថា បញ្ហាដែលកើតមានកន្លងទៅគឺដោយសារការផ្តល់សេវាកម្មពពោះជំនួយត្រូវបានធ្វើឡើងជាលក្ខណៈឯកជន ពោលគឺគ្រាន់តែមានការព្រមព្រៀងរវាងបុគ្គលនិងបុគ្គល ទើបវាបង្កើតឲ្យមានបញ្ហាចម្រូងចម្រាសមួយចំនួន។ យ៉ាងណាក្តី នៅពេលដែលសេវាកម្មពពោះជំនួយក្លាយទៅជារឿងស្របច្បាប់គឺវានឹងជួយលុបបំបាត់នូវរាល់បញ្ហាផ្សេងៗដែលអាចកើតមានឡើងរវាងភាគីផ្តល់សេវាកម្មនិងភាគីទិញសេវាកម្ម ដ្បិតដំណើរនៃការទិញលក់សេវាកម្មទាំងស្រុងតាំងពីដើមរហូតដល់ទីបញ្ចប់នឹងត្រូវធ្វើឡើងដោយផ្អែកតាមនីតិវិធីដែលបានកំណត់នៅក្នុងច្បាប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: