អន្តរជាតិ

លោក ចូ បៃឌិន អះអាងថា វត្តមានរបស់រថយន្តទំនើបនាំចូលពី​ប្រទេសចិនអាចបង្កការគំរាមគំហែងដល់សន្តិសុខជាតិអាមេរិកទាំងមូល

BY
Pheakdey
March 2, 2024

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអះអាងថា​ វត្តមានរថយន្តទំនើបរបស់ចិននៅក្នុងទីផ្សារអាមេរិកអាចបង្កការគំរាមគំហែងដល់សន្តិសុខជាតិអាមេរិកទាំងមូល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការថ្លែងរបស់លោកប្រធានាធិបតីអាមេរិកខាងលើនេះត្រូវបានធ្វើឡើងដោយសំដៅទៅលើប្រភេទរថយន្តឆ្លាតវ័យរបស់ចិន ដែលរួមមានទាំងរថយន្តដើរដោយថាមពលអគ្គិសនិ និងប្រភេទរថយន្តដែលអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិតបាន ខណៈរថយន្តប្រភេទនេះកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារអាមេរិក។

សម្រាប់សហរដ្ឋអាមេរិកបានយល់ឃើញថា រថយន្តឆ្លាតវ័យទាំងនេះអាចប្រមូលទិន្នន័យសំខាន់ៗជាច្រើនអំពីពលរដ្ឋអាមេរិកនិងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនៅទូទាំងសហរដ្ឋអាមេរិកដើម្បីផ្តល់ឲ្យទៅរដ្ឋាភិបាលចិន ខណៈគិតត្រឹមពេលនេះសេតវិមានអាមេរិកកំពុងតែបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅអំពីបញ្ហាដ៏រសើបនេះហើយ។ យ៉ាងណាក្តីសហរដ្ឋអាមេរិនៅមិនទាន់បញ្ជាក់ថា អាមេរិកនឹងធ្វើហាមឃាត់ឬរឹតបន្តឹងឬក៏មានចំណាត់ការយ៉ាងណានៅឡើយទេចំពោះការនាំចូលរថយន្តពីប្រទេសចិន ខណៈលោកប្រធានាធិបតី ចូ បៃឌិន បានបញ្ជាក់ត្រឹមថា ក្នុងការដឹកនាំរបស់គឺលោកនឹងមិនអនុញ្ញាតឲ្យមានករណីដែលរថយន្តចិនអាចប្រមូលព័ត៌មានសំខាន់ៗពីអាមេរិកបាននោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: