រដ្ឋបាលខេត្តកែប ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី១២ ឆ្នាំ២០២៤-២០២៦
(កែប)៖ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែ រួមជាមួយព្រះសង្ឃ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមដង្ហែក្បួនអបអរសាទរក្រុងកែបទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤នៅជុំវិញក្រុងកែប។

លោក ក៏បានបង្ហោះសារនៅលើគណនីយផេកផងដែរថា៖ “មោទនភាពខេត្តកែប! អបអរសាទរទិវាជាតិទីក្រុងស្អាតលេីកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដេីម្បីទេសចរណ៍” និងពិធីដង្ហែពានរង្វាន់ជ័យលាភី “ក្រុងកែប ខេត្តកែប ទទួលបានពានរង្វាន់ស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន ២០២៤-២០២៦”។
បន្ថែមផងដែរថា ក្រុងនិងខណ្ឌចំនួន៣របស់កម្ពុជាទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី៤ ដែលមានសុពលភាពឆ្នាំ២០២៤-២០២៦ រួមមាន៖ ក្រុងកែប ក្រុងកំពត និងខណ្ឌដូនពេញ។ ពិធីប្រកាសជ័យលាភីខាងលើធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន ATF-2024 ដែលបានប្រព្រឹត្តទៅនារាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត សោម ពិសិដ្ឋ បានណែនាំដល់មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធបន្តផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍បន្ថែមទៀត និងបានស្នើដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងជុំវិញខេត្ត បន្តខិតខំរក្សាពានរង្វាន់នេះឲ្យបាននាពេលបន្តបន្ទាប់ទៀត៕














ប្រភព៖ រដ្ឋបាលខេត្តកែប