ក្រសួងធនធានទឹក៖រដូវប្រាំងឆ្នាំនេះ សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ ស្នើសុំឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់
(ភ្នំពេញ)៖ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម សេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី២ សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤។

បន្ទាប់ពីបានធ្វើការតាមដាន វិភាគ និងព្យាករណ៍ពីស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយមសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤៖
១. បាតុភូតសកល
យោងតាមការតាមដានទៅលើការពិនិត្យសង្កេត និងព្យាករស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័របង្ហាញឱ្យឃើញថា៖ ចាប់ពីខែមីនាដល់ខែមេសា ឆ្នាំ២០២៤ អត្រានៃបាតុភូតអែលនីណូ (El Nino) ខ្ពស់ជាង ៧០% នៅបន្ដមានឥទ្ធិពើនៅលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ចាប់ពីខែឧសភា ឆ្នាំ២០២៤ តទៅ អត្រានៃបាតុភូតអែលនីណូ (El Nino) នឹងថយចុះមកនៅត្រឹម ២០% ដោយជំនួសមកវិញនូវស្ថានភាពអព្យាក្រឹត (ENSO-Neutral)។
២. ការព្យាករស្ថានភាពអាកាសធាតុនៅកម្ពុជា
២.១-នៅរដូវប្រាំង ២០២៤
សីតុណ្ហភាពនៅទូទាំងប្រទេសនឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្ដៅហើយស្ងួត។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់ដែលកើតឡើងច្រើន។
២.២-នៅដើមរដូវវង្សា ២០២៤
សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាពច្រើនឆ្នាំ ហើយមិនសូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ដ្រាក់កើតឡើងច្រើន៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម