អន្តរជាតិ

របាយការណ៍មួយបង្ហាញថា ត្រីចំនួន ១៩% នៃប្រភេទត្រីទាំងអស់ក្នុងទន្លេមេគង្គកំពុងតែប្រឈមនឹងការផុតពូជ

BY
Pheakdey
March 4, 2024

ត្រីចំនួន ១៩% ឬមួយភាគប្រាំនៃប្រភេទត្រីទាំងអស់នៅក្នុងទន្លេមេគង្គកំពុងតែប្រឈមនឹងការផុតពូជ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៤ ខែមីនានេះ។ របាយការណ៍មួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកបរិស្ថានក្នុងតំបន់និងអន្តរជាតិជាច្រើនមកពីស្ថាប័នមួយចំនួនដូចជា WWF Asia-Pacific និង World Fish Migration Foundation ជាដើម។

ក្នុងរបាយការណ៍ខាងលើនេះបានបង្ហាញថា ទន្លេមេគង្គគឺជាទន្លេដែលមានប្រព័ន្ធជីវចម្រុះដ៏ច្រើនមួយនៅលើពិភពលោកបន្ទាប់ពីទន្លេ Amazon និងទន្លេ  Congo ដោយនៅក្នុងទន្លេមេគង្គមានទាំងមូលមានសត្វត្រីដែលគេទទួលស្គាល់ជាផ្លូវការចំនួន​ ១,១៤៨ប្រភេទ ហើយទន្លេដ៏វែងមួយនេះក៏ជាប្រភពផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋរាប់លាននាក់ផងដែរ។ យ៉ាងណាក្តី មានកត្តាជាច្រើនដែលកំពុងតែបង្កការគំរាមគំហែងដល់ពពួកសត្វត្រីនៅក្នុងទន្លេមេគង្គយ៉ាងខ្លាំងដូចជា ការកសាងទំនប់វារីអគ្គិសនី ការបូបយកខ្សាច់​ ការនេសាទខុសច្បាប់ ការបាត់បង់ជំរករបស់សត្វត្រី និងវត្តមានរបស់ពពួកសត្វមួយចំនួនដែលមិនមែនជាប្រភេទសត្វមានដើមកំណើតរស់នៅក្នុងទឹកទន្លេមេគង្គជាដើម។ សូមបញ្ជាក់ជូនថា ទន្លេមេគង្គមានប្រវែងប្រហែល ៤២០០គីឡូម៉ែត្រ ដែលហូរឆ្លងកាត់ប្រទេសចំនួន៦រួមមាន ប្រទេសចិន ប្រទេសភូមា ប្រទេសថៃ ប្រទេសឡាវ ប្រទេសកម្ពុជា ប្រទេសវៀតណាម និងហូរចាក់ចូលក្នុងសមុទ្រចិនខាងត្បូង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: