កូរ៉េខាងត្បូងនឹងព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតកម្មសិក្សាជាង ៧,០០០នាក់
- BY
- Pheakdey
- March 4, 2024
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅក្នុងថ្ងៃចន្ទ ទី៤ ខែមីនានេះបានប្រកាសថានឹងព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតកម្មសិក្សាជាង ៧,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ សេចក្តីប្រកាសខាងលើនេះគឺជាវិធានការថ្មីមួយដែលត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រាប់ឲ្យក្រុមវេជ្ជបណ្ឌិតកម្មសិក្សាទាំងអស់នោះត្រលប់ទៅធ្វើការងារនៅមន្ទីរពេទ្យជាធម្មតាវិញនៅត្រឹមចុងខែកុម្ភៈកន្លងទៅនេះ តែពួកគេមិនព្រមធ្វើតាមការណែនាំនេះឡើយហើយផ្ទុយទៅវិញគឺពួកគេបាននាំគ្នាធ្វើបាតុកម្មកាន់តែខ្លាំងឡើងៗ។
សូមរម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាងរវាងក្រុមវេជ្ជបណ្ឌិតកម្មសិក្សាជាមួយនិងរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តើមកើតមានជាច្រើនសប្តាហ៍មកហើយ ដោយមានក្រុមវេជ្ជបណ្ឌិតកម្មសិក្សាជាង ៩,០០០ពាន់នាក់ ឬស្មើនឹង ពីរភាគបីនៃចំនួនវេជ្ជបណ្ឌិតវ័យក្មេងសរុបនៅទូទាំងកូរ៉េខាងត្បូងបាននាំគ្នាផ្អាកធ្វើការងារដើម្បីទៅធ្វើបាតុកម្មប្រឆាំងនឹងផែនការដំឡើងចំនួននិស្សិតឲ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តពីចំនួន ៣,០៥៨នាក់ទៅ ៥,០៥៨ននាក់ក្នុងមួយឆ្នាំ ដែលផែនការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៥នេះតទៅ។ សម្រាប់ហេតុផលដែលនាំឲ្យមានការធ្វើបាតុកម្មគឺដោយសារក្រុមបាតុករយល់ឃើញថា ផែនការដំឡើងចំនួនកំណត់និស្សិតពេទ្យនេះនឹងបង្កើតឲ្យមានគ្រូពេទ្យច្រើនលើសពីតម្រូវការជាក់ស្តែងនៅពេលអនាគត ខណៈខាងរដ្ឋាភិបាលវិញបានអះអាងថា ការដំឡើងចំនួននិស្សិតពេទ្យនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រូពេទ្យជាក់ស្តែងក្នុងសង្គម ខណៈក្រុមបាតុករបាននាំគ្នាធ្វើការតវ៉ាព្រោះតែពួកគេបារម្ភថា នៅពេលមានគ្រូពេទ្យកាន់តែច្រើននៅក្នុងសង្គម ពួកគេក៏កាន់តែបាត់បង់ឱកាសរកប្រាក់ចំណូលបានច្រើនដូចកម្រិតប្រាក់ចំណូលដែលក្រុមគ្រូពេទ្យអាចរកបានក្នុងពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






