អន្តរជាតិ

ថៃបានដាក់ឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណឆ្លាតវ័យដាច់ដោយឡែកសម្រាប់ព្រះសង្ឃ ដែលអាចបញ្ជាក់ថាព្រះសង្ឃអង្គណាម្នាក់ជាព្រះសង្ឃពិតឬក្លែងក្លាយ

BY
Pheakdey
March 5, 2024

ថៃ៖ អាជ្ញាធរថៃបាននិងកំពុងតែដាក់ចេញនូវអត្តសញ្ញាណប័ណ្ណឆ្លាតវ័យ (Smart ID Card) មួយប្រភេទសម្រាប់ព្រះសង្ឃ ដែលអត្តសញ្ញាណប័ណ្ណពិសេសនេះអាចបញ្ជាក់បានថា​ ព្រះសង្ឃអង្គណាម្នាក់ជាព្រះសង្ឃពិតឬក៏ក្លែងក្លាយបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃអង្គារ ទី៥ ខែមីនា។ គិតត្រឹមពេលនេះមានព្រះសង្ឃចំនួនជាង ១០០,០០០អង្គហើយ ដែលទទួលបានអត្តសញ្ញាណប័ណ្ណឆ្លាតវ័យនេះយកទៅប្រើប្រាស់​​ ខណៈតាមគម្រោង គឺមានព្រះសង្ឃរហូតដល់ជាង ២៨០,០០០អង្គនៅទូទាំងប្រទេសថៃ ដែលត្រូវមកចុះឈ្មោះប្រើប្រាស់អត្តសញ្ញាណប័ណ្ណឆ្លាតវ័យនេះពីក្រសួងមហាផ្ទៃ។

បើតាមនាយឧត្តមសេនីយ៍ សានិត មហាថាវន ប្រធានគណៈកម្មាធិការកិច្ចការសាសនានៃស្ថាប័នព្រឹទ្ធសភាថៃបានបញ្ជាក់ថា ក្រៅតែពីបានបញ្ចូលនូវព័ត៌មានលម្អិតផ្ទាល់ខ្លួនក្នុងនាមជាពលរដ្ឋថៃហើយ នៅក្នុងអត្តសញ្ញាណប័ណ្ណឆ្លាយវ័យនេះ ក៏បានបញ្ចូលបន្ថែមនូវព័ត៌មានលម្អិតអំពីការបួស និងប្រវតិ្តក្នុងការគង់នៅជាសង្ឃរបស់ព្រះសង្ឃគ្រប់អង្គផងដែរ។ ព័ត៌មានបន្ថែមនោះមានដូចជា ទីកន្លែងដែលបានបួស​ កាលបរិច្ឆេទនៃការបួស និងរយៈពេលនៃការបួសជាក់លាក់ជាដើម ខណៈតាមរយៈព័ត៌មានលម្អិតទាំងនេះ គឺគេអាចសម្គាល់បានថា ព្រះសង្ឃដែលកំពុងកាន់អត្តសញ្ញាណប័ណ្ណឆ្លាតវ័យនេះ កំពុងគង់នៅវត្តណា និងមានប្រវត្តិធ្លាប់បួស ឬសឹកប៉ុន្មានដង នាពេលកន្លង។​ សូមបញ្ជាក់ជូនថា បញ្ហាចម្រូងចម្រាសនៅក្នុងវិស័យសាសនា បាននិងកំពុងតែក្លាយជាប្រធានបទក្តៅមួយនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ ហើយការដាក់ឲ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណពិសេសដាច់ដោយឡែកសម្រាប់ព្រះសង្ឃខាងលើនេះ ក៏ជាផ្នែកមួយនៃយន្តការលុបបំបាត់ និងទប់ស្កាត់បញ្ហាទាំងអស់នោះផងដែរ ខណៈកម្មាធិការកិច្ចការសាសនាបានជម្រុញឲ្យរដ្ឋាភិបាលថៃចាប់ខ្លួនព្រះសង្ឃក្លែងក្លាយឲ្យអស់ និងផ្តន្ទាទោសជនខិលខូចទាំងនោះឲ្យធ្ងន់ធ្ងរផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: