មនុស្ស ២១នាក់បានបាត់បង់ជីវិតនិង ៦នាក់កំពុងបាត់ខ្លួនក្នុងហេតុការណ៍បាក់ដីនិងទឹកជំនន់នៅលើកោះស៊ូម៉ាត្រា
- BY
- Pheakdey
- March 11, 2024
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្សពលរដ្ឋឥណ្ឌូនេស៊ីចំនួន ២១នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់និងការបាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ខណៈតួលេខនេះគឺជារបាយការណ៍បូកសរុបដោយគិតត្រឹមយប់ថ្ងៃអាទិត្យ ទី១០ ខែមីនា។ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ហើយគេមិនរំពឹងខ្ពស់ថាពួកគេអាចមានសំណាងនៅរស់រានមានជីវិតនោះទេ។

យ៉ាងណាក្តី ប្រតិបត្តិការណ៍ស្វែងរកអ្នកបាត់ខ្លួនកំពុងតែត្រូវបានធ្វើឡើងយ៉ាងសកម្ម ដោយអាជ្ញាធរឥណ្ឌូនេស៊ីបានប្រើប្រាស់ក្រុមអ្នកជំនាញផ្នែកជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិចំនួន ១៥០នាក់។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរបានសម្រេចធ្វើការជម្លៀសពលរដ្ឋប្រមាណជា ៧៥,០០០នាក់ទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ទម្រាំស្ថានការណ៍នៅជុំវិញតំបន់កើតហេតុអាចត្រលប់មករកភាពប្រក្រតីវិញ។ សូមបញ្ជាក់ជូនថា ហេតុការណ៍អកុសខាងលើនេះបានកើតឡើងនៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច ដែលស្ថិតនៅលើកោះស៊ូម៉ាត្រា ខណៈទឹកជំនន់និងការបាក់ដីបានកើតឡើងក្រោយតំបន់មួយនេះបានទទួលរងសម្ពាធទឹកភ្លៀងយ៉ាងច្រើនចាប់តាំងតែពីថ្ងៃទី៧ ខែមីនាមកម្លេះ៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






