អ្នកបើកបរយន្តហោះ ២នាក់ត្រូវបានផ្អាកពីការងារក្រោយពួកគេបានដេកលក់អស់កន្លះម៉ោងក្នុងអំឡុងពេលកំពុងបើកបរនៅលើអាកាស
- BY
- Pheakdey
- March 11, 2024
ឥណ្ឌូនេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ Batik Air បាសម្រេចផ្អាកការងារក្រុមអ្នកបើកបរយន្តហោះចំនួន ២នាក់ ដែលបានដេកលក់ក្នុងអំឡុងពេលកំពុងបើកបរនៅលើអាកាសនាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែមីនានេះ។ យន្តហោះដែលបានធ្វើដំណើរទាំងគ្មានអ្នកបញ្ជានោះគឺជាយន្តហោះប្រភេទ Airbus A320 ដែលមានផ្ទុកអ្នកដំណើរសរុបចំនួន ១៥៣នាក់ ហើយនៅក្នុងថ្ងៃទី២៥ ខែមករា ដែលជាថ្ងៃកើតហេតុនោះវាគឺជាជើងហោះហើរក្នុងស្រុកលេខ Flight 6723 ដែលមានទិញដៅចេញពីទីក្រុង Jakarta ឆ្ពោះទៅកាន់ទីក្រុង Kendari។

ប្រភពខាងលើបានបន្តថា ក្រុមអ្នកបើកបរទាំង ២នាក់បានដេកលក់នៅក្នុងការកាប៊ីនយន្តហោះប្រមាណជាកន្លះម៉ោងក្នុងពេលដំណាលគ្នា ដោយអ្នកបើកបរទី១បានដេកលក់ក្នុងរយៈពេល ២៨នាទីហើយបន្ទាប់ពីគាត់បានភ្ញាក់ដឹងខ្លួនវិញ គាត់ក៏បានព្យាយាមដាសជំនួយការបើកបរម្នាក់ទៀតឱ្យភ្ញាក់ដែរ ខណៈអ្នកបើកបរទី២បានដេកលក់ក្នុងរយៈពេលសរុប ៣០នាទី។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសដែលជាអ្នកតាមដានការហោះហើយរបស់យន្តហោះមួយនេះបានព្យាយាមទាក់ទងទៅកាន់ពួកគេជាប់ជានិច្ច តែក្នុងអំឡុងពេលពួកគេដេកលក់នោះគឺគ្មានការឆ្លើយតបឡើយ ហើយពេលនោះយន្តហោះក៏បានបើកខុសផ្លូវផងដែរ តែសំណាងល្អដែលពួកគេបានភ្ញាក់ដឹកខ្លួនទាន់ពេលវេលានិងអាចបញ្ជាយន្តហោះត្រលប់មកកាន់ផ្លូវរបស់វាវិញជាធម្មតា បើមិនដូចនេះទេយន្តហោះអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរនិងបណ្តាលឱ្យមនុស្សនៅលើយន្តហោះទាំងអស់ត្រូវបាត់បង់ជីវិតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






