អន្តរជាតិ

ពលរដ្ឋប៉ាឡេស្ទីននាំគ្នាប្រារព្ធពិធី “បុណ្យរ៉ាម៉ាដាន” ក្រោមសម្ពាធដ៏តានតឹងនៃភ្លើងសង្គ្រាមរបស់អ៊ីស្រាអែល

BY
Pheakdey
March 11, 2024

ប៉ាឡេស្ទីន៖ ពលរដ្ឋប៉ាឡេស្ទីនបាននាំគ្នាប្រារព្ធពិធី “បុណ្យរ៉ាម៉ាដាន” ដែលជាទូទៅគេតែងហៅថា “ពិធីបួសតាមបែបសាសនាឥស្លាម” តាមធម្មតា ខណៈការប្រារព្ធពិធី “បុណ្យរ៉ាម៉ាដាន”​ នៅក្នុងឆ្នាំនេះត្រូវរៀបចំឡើងក្រោមបរិយាកាសខុសប្លែកៗពីឆ្នាំមុនៗ ពោលគឺជាបរិយាកាសស្ថិតនៅក្រោមសម្ពាធដ៏តានតឹងនៃភ្លើងសង្គ្រាមពីសំណាក់កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ីស្រាអែល។ សូមបញ្ជាក់ជូនថា ពិធីបួសពេញមួយខែរបស់ក្រុមអ្នកកាន់សាសនាឥស្លាមនៅជុំវិញពិភពលោកនៅក្នុងឆ្នាំ២០២៤នេះត្រូវបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ ខែមីនា រហូតដល់ថ្ងៃទី៨ ខែមេសា។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី១១ ខែមីនានេះបានឲ្យដឹងថា អ៊ីស្រាអែលបានដាក់ពង្រាយកងកម្លាំងរាប់ពាន់នាក់នៅជុំវិញតំបន់ Old City ក្នុងរដ្ឋធានី Jerusalem ដើម្បីរឹតបន្តឹងសុវត្ថិភាព ខណៈតាមធម្មតាតំបន់ដែលជាទីសក្ការៈបូជាមួយនេះនឹងត្រូវទទួលអ្នកមកធ្វើការបួងសួងនិងធ្វើឧទ្ទិសដ្ឋានរាប់ពាន់នាក់ក្នុងមួយថ្ងៃៗនៅក្នុងអំឡុងពេលនៃការប្រារព្ធពិធី​ “បុណ្យរ៉ាម៉ាដាន”។ សូមរម្លឹកជូនថា​ សង្គ្រាមរវាងកងកម្លាំងនៃប្រទេសអ៊ីស្រាអែលនិងក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើងកាលពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣កន្លងទៅ ហើយគិតគិតរហូតមកទល់នឹងពេលនេះភ្លើងសង្គ្រាមបានបណ្តាលឲ្យមានពលរដ្ឋទាំងសងខាងស្លាប់អស់រាប់ម៉ឺននាក់ ខណៈពលរដ្ឋស៊ីវិលប៉ាឡេស៊ីននៅតំបន់ហ្គាហ្សាជាច្រើនលាននាក់ត្រូវបានជម្លៀសខ្លួនទាំងបង្ខំនិងកំពុងរស់នៅយ៉ាងលំបាកបំផុត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: