ព័ត៌មានជាតិ

ស្នងការខេត្តបន្ទាយមានជ័យ នឹងស្រាវជ្រាវរកការពិត ចំពោះករណីលោកអធិការរងក្រុងប៉ោយប៉ែតមួយរូប យកលុយពលរដ្ឋចំនួន ១៨០០០ដុល្លារ ជាថ្នូររត់ការឱ្យចូលបំរើក្របខណ្ឌនគរបាលជាតិ

BY
Khmernote Media
March 20, 2024

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជូនដល់សាធារណៈជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បានជ្រាបថា៖

នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៩:៣០ នាទី មានហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈ (Pheng Vannak) បានសរសេរបង្ហោះថា «ជំរាបសួរ លោកវរសេនីយ៍ទោ សន ធឿន អធិការរងក្រុងប៉ោយប៉ែត តើលោកសុខសប្បាយជាទេ? ប្រជាពលរដ្ឋរងគ្រោះផ្តល់ព័ត៌មានមកថា លោកវរសេនីយ៍ទោ យកលុយគាត់ ១៨០០០ដុល្លារ ដោយសន្យាថារត់ការយកកូនគាត់ចូលបំរើក្របខណ្ឌនគរបាលជាតិ។ ឥលូវរត់ការមិនបាន មិនអោយលុយគាត់វិញហើយ ដេញគាត់អោយទៅប្តឹងដល់ណាប្តឹងទៅ? ខ្ញុំបាទទទួលព័ត៌មាននេះ និងបានបញ្ជូនបន្ត ទៅលោកស្នងការខេត្តបន្ទាយមានជ័យ សំណូមពរអោយជួយពិនិត្យ មើលករណីនេះ ហើយបើលោកអធិការរងក្រុងប៉ោយប៉ែត យកលុយជនរងគ្រោះមែន សូមប្រគល់ជូនគាត់វិញ»

តាមការឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបំភ្លឺ និងជម្រាបជូន ដល់សាធារណៈជនជ្រាបថា៖ លោកវរសេនីយ៍ទោ សន ធឿន ពិតជាមានតួនាទីជា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ពិតប្រាកដមែន។

ស្នងការបានទទួលរបាយការណ៍ស្តីអំពី ភាពអសកម្មការងារ ដោយមិនដឹងមូលហេតុ របស់លោកវរសេនីយ៍ទោ សន ធឿន និងបានធ្វើលិខិតអញ្ជើញលោកអោយមកបំភ្លឺចំនួន ២លើក ប៉ុន្តែសាមីខ្លួនមិនបានមកបំភ្លឺតាមការអញ្ជើញរបស់ស្នងការនគរបាលខេត្តឡើយ។

អនុវត្តតាមបទវិន័យនគរបាលជាតិកម្ពុជា ស្នងការនគរបាលខេត្តបន្ទាយមានជ័យកន្លងមក បានធ្វើការរៀបចំប្រជុំ ក្រុមប្រឹក្សាវិន័យរួចហើយ ពីភាពអសកម្មក្នុងការបំពេញការងាររបស់លោកវរសេនីយ៍ទោ សន ធឿន។

ចំពោះខ្លឹមសារហ្វេសប៊ុករបស់លោក ផែង វណ្ណៈ (Pheng Vannak) ដែលបានចុះផ្សាយស្នងការនគរបាលខេត្តនឹងស្រាវជ្រាវអោយបានគ្រប់ជ្រុងជ្រោយ ដើម្បីចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ចំពោះសាធារណៈជន អ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង សុវត្ថិភាពសង្គម។ អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ទទួលជ្រាបជាព័ត៌មាន៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ- BMC Province Commissariat Of Police

Share This Post: