នៅព្រឹកនេះ ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាតគួរជាទីស្ញប់ស្ញែង
- March 22, 2024
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹត្តិការណ៍«សមរាត្រី» ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាត បានបញ្ចេញពន្លឺយ៉ាងចិញ្ចាច ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនរាប់ម៉ឺននាក់ ក្រោកមកតាំងពីម៉ោង៥ព្រឹក ដើម្បីរង់ចាំទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះឡើងកាត់តាមកំពូលកណ្តាល នៃប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ស្តែងឱ្យឃើញពីអច្ឆរិយភាពនៃប្រាសាទអង្គរវត្ត ដែលបុព្វបុរសខ្មែរយើងបានកសាងឡើងដោយមានការគិតគូរអំពីស្ថាបត្យកម្ម និងការផ្សារភ្ជាប់ជាមួយនឹងធម្មជាតិរវាងផែនដី និងព្រះអាទិត្យ យ៉ាងច្បាស់លាស់គួរស្ញប់ស្ញែងជាទីបំផុត។
សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង ជារៀងរាល់ឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា ៕





- Share This Post:






