ក្រសួងការងារ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក អាចទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅសាលាស្រុកអង្គស្នួល
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវសេចក្ដីជូនដំណឹង ស្ដីពី ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នៅសាលាស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រសួងការងារ សូមជូនដំណឹងដល់ បងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ជ្រាបថា ដោយសារឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យរោងចក្រមិនអាចស្ដារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញក្នុងពេលឆាប់ៗបានឡើយ។ ក្នុងកាលៈទេសៈមិនប្រាកដអំពីពេលវេលា និងលទ្ធភាពនៃការស្វែងរកទុនបន្ថែមថ្មីដើម្បីជួសជុល សាងសង់ និងបំពាក់សម្ភារ បរិក្ខារឡើងវិញ រោងចក្របានប្រកាសបិទការដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់បងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវបានរំលាយផងដែរ។
បន្ថែមផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ បានកោះអញ្ជើញតំណាងរោងចក្រមកជួបពិភាក្សាអំពីការទូទាត់អត្ថប្រយោជន៍តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ ជាលទ្ធផល បើទោះបីរោងចក្រកំពុងខ្វះខាតថវិកាទូទាត់ទៅភាគីជាច្រើនក៏ដោយ ក៏ម្ចាស់រោងចក្រនឹងផ្ដល់អាទិភាពខិតខំស្វែងរកថវិកាពីប្រភពនានាមកបើកផ្ដល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិត ស្របទៅតាមច្បាប់ស្ដីពីការងារឱ្យបានមុនគេ។
ដោយហេតុ រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយបងប្អូនកម្មករនិយោជិតប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) ដូច្នេះ បងប្អូនកម្មករនិយោជិតនិងទទួលបានចំនួន ៣ចំណុច ដូចខាងក្រោម៖
១. ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ (មាត្រា១១៦)
២. ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)
៣. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥% (មាត្រា៧៣)
សូមបងប្អូនកម្មករនិយោជិតអញ្ជើញទៅ សាលាស្រុកអង្គស្នួល ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅ ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ៈ៣០ នាទីព្រឹក តទៅ ទៅតាមបញ្ជីឈ្មោះ និងលេខរៀងង ដែលក្រសួងនឹងបិទផ្សាយនៅសាលាស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មុនបើកប្រាក់៕




អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ