ព័ត៌មានជាតិ

គណៈមេធាវីកម្ពុជា សម្រេចបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយក្រុមហ៊ុនCIC Plc ដោយឥតគិតថ្លៃ

BY
Khmernote Media
March 25, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥​ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋ ដែលរងគ្រោះដោយក្រុមហ៊ុនCIC Plc ដោយឥតគិតថ្លៃ។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធក្រុមហ៊ុន ខេមបូឌាន អិនវសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc)។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កន្លងមកមានក្រុមហ៊ុន និងបុគ្គលមួយចំនួនតូចតែងតែបង្កើតគម្រោងវិនិយោគដោយប្រមូលប្រាក់ ពីប្រជាពលរដ្ឋ ក្នុងរូបភាពប្រមូលមូលធនយកទៅវិនិយោគ ហើយចុងបញ្ចប់ប្រជាពលរដ្ឋ ដែលដាក់ប្រាក់វិនិយោគតែងតែទទួលរងគ្រោះបាត់បង់ផលប្រយោជន៍ជាបន្តបន្ទាប់។

តាមសេចក្តីប្រកាសព័ត៌មានខាលើគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតក្រុមមេធាវីជួយប្រជាពលរដ្ឋពាក់ព័ន្ធករណីក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc) ដែលក្រុមមេធាវីនេះមានភារកិច្ចជាអាទិ៍ ពិគ្រោះយោបល់ផ្នែក ច្បាប់ ពិនិត្យ និងរៀបចំឯកសារជាភស្តុតាងនិងធ្វើបណ្តឹង និងជួយការពារក្តីជូនប្រជាពលរដ្ឋ ដោយឥតគិតកម្រៃ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំដល់ប្រជាពលរដ្ឋ ដែលខាតបង់ផលប្រយោជន៍ជាមួយក្រុមហ៊ុន ខេមបូឌាន អ៊ិនវេសស្ទ័រ ខបភើរេសិន ភីអិលស៊ី(CIC Plc) ហើយមានបំណងពិគ្រោះយោបល់ ផ្នែកច្បាប់ឬពឹងពាក់មេធាវីជួយការពារ អញ្ជើញមកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅអគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងការងារ ឬទំនាក់ទំនងជាមួយ លោកមេធាវី គឹម រ័ត្នណារ៉ុង ប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ទូរស័ព្ទលេខ ០៧៧- ៣៥២ ២២២ ឬ ០៨៦-៩១៩ ១៦៨ និងលោកមេធាវី យូ លីមហួត ប្រធាននាយកដ្ឋានអធិការកិច្ច ទូរស័ព្ទលេខ ០១៧-៥៨៤ ៤៤៥ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: