ក្រសួងវប្បធម៌ ស្នើឱ្យអគ្គនាយកទូរទស្សន៍ហង្សមាសចាត់វិធានការជាបន្ទាន់ និងត្រូវលុបព័ត៌មានមិនពិត ករណីផ្សព្វផ្សាយថា កម្ពុជាឈប់ប្រើប្រាស់ពាក្យ «សង្ក្រាន្ត» នាឱកាសចូលឆ្នាំខ្មែរ
- March 25, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញលិខិតបញ្ជាក់ ពាក់ព័ន្ធករណីផ្សព្វផ្សាយព័ត៌មានមិនពិត និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តថភាពពិត និងវប្បធម៌ប្រពៃណីជាតិ បន្ទាប់ពីមានការផ្សាយផ្ទាល់ នៃកម្មវិធីហង្សមាស Express News នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា សង្ក្រាន្ត ជាពាក្យសំស្ក្រឹត មានប្រភពមកពីឥណ្ឌា និងមានន័យថារង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ ហើយពាក្យសង្ក្រាន្ត មាននៅសិលាចារឹកនានា តាមប្រាសាទនៅតំបន់អង្គរ។ យ៉ាងណាក្តីពិធីសង្ក្រាន្តនេះ បានក្លាយជាប្រពៃណីទំនៀមទម្លាប់ ដែលបានប្រារព្ធ រៀបចំដោយប្រទេសមួយចំនួនដូចជា កម្ពុជា ឡាវ ថៃ ភូមា ជាដើម។ ការចុះបញ្ជីជាបេតិកភណ្ឌអរូបីរបស់ប្រទេសមួយ នឹងមិនប៉ះពាល់ដល់ការចុះបញ្ជី និងការប្រារព្ធរបស់បណ្តាប្រទេសផ្សេងទៀតទៅតាមប្រពៃណីទំនៀមទម្លាប់រៀងៗនោះឡើយ។
ផ្ទុយពីតថភាពពិតដូចបានបញ្ជាក់ជូនជាសង្ខេបខាងលើ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ លោក មាស រិទ្ធី បានធ្វើការអត្ថាធិប្បាយនូវព័ត៌មានមិនត្រឹមត្រូវ ខ្វះចំណេះដឹងលើវិស័យនេះ និងខ្វះការពិគ្រោះ យោបល់ជាមួយស្ថាប័នពាក់ព័ន្ធ ថែមទាំងបានយកឈ្មោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មកធ្វើជាអំណះអំណាងបន្ថែមទៀត ហើយដែលការអត្ថាធិប្បាយនេះបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃពិតនៃវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ ដ៏ផូរផង់របស់ជាតិ ជាពិសេសបានបង្កឱ្យមានការយល់ច្រឡំពីសាធារណជនទូទៅ ព្រមទាំងភាពរសើប និងភាពជ្រួលច្របល់ក្នុងសង្គម។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នើសុំលោកឧកញ៉ា ចាត់វិធានការបន្ទាន់ លុបព័ត៌មានមិនពិតនេះ ទប់ស្កាត់ចែកចាយបន្ត និងត្រូវសុំទោសជាសាធារណៈឱ្យបានឆាប់រហ័សបំផុត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ក្រុមអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែមួយគត់ដែលអាចជូនជាព័ត៌មានជាផ្លូវការតំណាងឱ្យក្រសួង រីឯការពិគ្រោះយោបល់ ឬ សាកសួរព័ត៌មានពីបុគ្គល ផ្សេងនឹងមិនតំណាងឱ្យមតិយោបល់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះទេ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោកឧកញ៉ា ចាត់វិធានការឱ្យបានឆាប់រហ័ស និងគួរណែនាំ ឱ្យបុគ្គលិកផ្នែកព័ត៌មាន ចាក់ផ្សាយព័ត៌មានដែលមានលក្ខណៈត្រឹមត្រូវ និងមានប្រយោជន៍ដល់សង្គមជាតិ ៕

- Share This Post:






