សូមប្រុងប្រយ័ត្ន! ក្រសួងពាណិជ្ជកម្ម បដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ«កម្ពុជាកម្ចីរហ័ស» ដែលពុំបានចុះបញ្ជី និងមិនមានលិខិតអនុញ្ញាតពីក្រសួងទេ
- March 26, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទាំងស្រុងនូវការផ្សព្វផ្សាយ របស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស»។

ថ្មីៗនេះក្រសួងពាណិជ្ជកម្ម បានទទួលពាក្យបណ្ដឹងពីសាធារណជន ករណីមានការបោកប្រាស់ពីអាជីវកម្មកម្ចីអនឡាញ ដែលមានទំព័រហ្វេសប៊ុក ឈ្មោះ «កម្ពុជា កម្ចីរហ័ស» បានធ្វើការផ្សព្វផ្សាយអះអាងថា អាជីវកម្មរបស់ខ្លួនបានធ្វើការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ និងមានការទទួលស្គាល់ពីក្រសួងពាណិជ្ជកម្ម ព្រមទាំងបានប្រើប្រាស់រូបសញ្ញា (Logo) របស់ក្រសួងពាណិជ្ជកម្ម ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មភូតកុហកធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ដើម្បីទាញយកផល ប្រយោជន៍ដល់អាជីវកម្មរបស់ខ្លួន។
ក្រសួងពាណិជ្ជកម្ម សូមធ្វើការបដិសេធទាំងស្រុងនូវការផ្សព្វផ្សាយរបស់អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» និងសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អាជីវកម្មកម្ចីអនឡាញឈ្មោះ «កម្ពុជាកម្ចីរហ័ស» ពុំបានចុះបញ្ជីពាណិជ្ជកម្ម និងពុំមានលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីក្រសួងពាណិជ្ជកម្មទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានជៀសវាងការចាញ់បោក និងមាន ការខាតបង់ទ្រព្យសម្បត្តិ ជាយថាហេតុ។
ជាមួយនេះ ម្ចាស់អាជីវកម្មកម្ចីអនឡាញ «កម្ពុជាកម្ចីរហ័ស» ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ រូបសញ្ញា (Logo) និងអំណះអំណាងពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្មនឹងអនុវត្តវិធានការតាម នីតិវិធីជាធរមាន ចំពោះការផ្សព្វផ្សាយបោកប្រាស់ដែលនាំឱ្យសាធារណជនមានការភាន់ច្រឡំ និងប៉ះពាល់ ធ្ងន់ធ្ងរដល់កិត្តិយសរបស់ក្រសួងពាណិជ្ជកម្ម។
ជាមួយគ្នានេះផងដែរ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនដល់សាធារណជន សូមជួយសហការផ្តល់ ព័ត៌មានមកកាន់ក្រសួងពាណិជ្ជកម្មតាមរយៈប្រព័ន្ធទូរសព្ទរបស់ក្រសួង ដែលមានលេខ ១២៦៦ ប្រសិនបើមាន ជនខិលខូចប៉ុនប៉ង ឬបានធ្វើការបោកប្រាស់ដូចករណីខាងលើ ដើម្បីក្រសួងពាណិជ្ជកម្មចាត់វិធានការឱ្យបានទាន់ ពេលវេលា ៕

- Share This Post:






