រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍«សង្ក្រាន្តកំពង់ចាម» ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រយៈពេល៤ថ្ងៃ
- March 28, 2024
ខេត្តកំពង់ចាម៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនថា ដើម្បីចូលរួមអបអរសាទរស្វាគមន៍ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកំពង់ចាម» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារមុខសាលាខេត្តកំពង់ចាម ចាប់ពីម៉ោង ១៤៖០០នាទីតទៅ និងនៅតាមទីតាំងរមណីយដ្ឋាន ទីវត្តអារាមនានា ក្នុងខេត្តកំពង់ចាម។
ស្របពេលដែលកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមឆ្នាំថ្មីនេះ នឹងផ្ដល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនភ្ញៀវជាតិ អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «មហោទរាទេវី» ហើយក៏ជាឱកាសដ៏ល្អសំម្រាប់ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាមរយៈពេល ៤ថ្ងៃ រដ្ឋបាលខេត្តនឹងមានរៀបចំលេងល្បែងប្រជាប្រិយ និងការប្រគុំតន្ត្រីសម័យនាពេលរាត្រី ជូនបងប្អូនមកចូលរួមទស្សនា និងលេងកម្សាន្តសប្បាយក្រោមម្លប់សុខសន្តិភាព។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញមកកម្សាន្តសប្បាយឱ្យបានច្រើនកុះករនៅខេត្តកំពង់ចាមតាមទីតាំងរៀបចំសង្ក្រាន្តកំពង់ចាម់ ដើម្បីជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់របស់យើង៕




- Share This Post:






