ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហ្វីលីពីនសម្រេចបិទសាលារៀនរាប់រយកន្លែងដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ

    BY Pheakdey April 2, 2024
    ហ្វីលីពីនសម្រេចបិទសាលារៀនរាប់រយកន្លែងដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ

    ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនបានសម្រេចបិទសាលារៀនរាប់រយកន្លែងដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២ ខែមេសានេះ។ វិធានការបិទសាលារៀនជាបណ្តោះអាសន្ននេះត្រូវបានអនុវត្តចំពោះសាលារៀនណាដែលបានរងនូវការវាយប្រហារដោយរលកកម្តៅក្នុងកម្រិតខ្ពស់តែប៉ុណ្ណោះ ខណៈនៅក្នុងនោះក៏មានសាលារៀនមួយចំនួនមានទីតាំងស្ថិតនៅក្នុងទីក្រុងម៉ានីល ដែលជារដ្ឋធានីរបស់ប្រទេសហ្វីលីពីនផងដែរ។

    ប្រភពខាងលើបានបន្តថា​ វិធានការបិទសាលារៀនខាងលើនេះត្រូវបានដាក់ចេញក្រោយសីតុណ្ហភាពនៅតាមតំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីនបានកើនឡើងរហូតដល់ ៤៣អង្សាសេ ខណៈការកើ​នឡើងសីតុណ្ហភាពនេះត្រូវបានគេព្យាករណ៍ថានឹងបន្តកើនមានជាច្រើនបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។ យ៉ាងណាក្តី គិតត្រឹមពេលនេះអាជ្ញាធរហ្វីលីពីននៅមិនទាន់រកឃើញមានពលរដ្ឋណាម្នាក់បានរងគ្រោះថ្នាក់ពីបញ្ហារលកកម្តៅនេះនៅឡើយទេ តែអាជ្ញាធរបានធ្វើការណែនាំឱ្យក្រុមពលរដ្ឋងាយរងគ្រោះមួយចំនួនដូចជាកុមារ និងមនុស្សវ័យចំណាស់គួរកាត់បន្ថយការធ្វើសកម្មភាពនៅខាងក្រៅឱ្យបានច្រើនបើមិនមានរឿងចាំបាច់ត្រូវធ្វើនោះទេ បើមិនដូចនោះទេពួកគេអាចនឹងកើតមានបញ្ហាសុខភាពមួយចំនួនដែលបង្កឡើងដោយសារតែរលកកម្តៅ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

     

    Share This Post: