ពលរដ្ឋវៀតណាមដែលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតរាប់ពាន់នាក់សុខចិត្តមករង់ចាំពេញមួយយប់ដើម្បីទទួលបានជំនួយទឹកសប្បុរធម៌យកទៅប្រើប្រាស់
- BY
- Pheakdey
- April 9, 2024
វៀតណាម៖ ពលរដ្ឋវៀតណាមរាប់ពាន់នាក់ដែលកំពុងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតបាននាំគ្នាមករង់ចាំជំនួយទឹកសប្បុរធម៌ពេញមួយយប់ដើម្បីទទួលបានទឹកស្អាតយកទៅប្រើប្រាស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃអង្គារ ទី៩ ខែមេសានេះ។ តំបន់ដែលកំពុងរងការគំរាមគំហែងពីគ្រោះរាំងស្ងួតនេះគឺបណ្តាសហគមន៍ជាច្រើននៅក្នុងខេត្ត Tien Giang ភាគខាងត្បូងនៃប្រទេសវៀតណាម ខណៈអាជ្ញាធរវៀតណាមបានប្រកាសដាក់ខេត្តមួយនេះស្ថិតនៅក្នុងស្ថានភាពប្រកាសអាសន្នពីគ្រោះរាំងស្ងួតរួចហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ប្រភពខាងលើនេះបានបន្តថា ក្រុមពលរដ្ឋវៀតណាមដែលកំពុងប្រឈមនឹងបញ្ហាខ្វះទឹកស្អាតសម្រាប់ប្រើប្រាស់មានចំនួនប្រមាណជា ៣០,០០០នាក់ ហើយទឹកស្អាតដែលអាជ្ញាធរវៀតណាមបានយកទៅចែកជូនពួកគាត់កាលពីពេលលថ្មីៗនេះគឺជាទឹកដែលដឹកចេញពីទីក្រុងហូជីមិញនិងមានបរិមាណសរុបចំនួន ៤០ម៉ែត្រគីប ខណៈអាជ្ញាធរនឹងបន្តធ្វើសកម្មភាពបែបនេះជាច្រើនបន្ថែមទៀតរហូតដល់ស្ថានភាពនៃគ្រោះរាំងស្ងួតបានធូរស្រាលឡើងវិញ។ សូមបញ្ជាក់ជូនថា គ្រោះរាំងស្ងួតនៅតំបន់ខាងលើនេះបានកើតឡើងក្រោយសីតុណ្ហភាពបានកើនឡើងខ្ពស់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ ដែលធ្វើឱ្យប្រភពទឹកសំខាន់ត្រូវរីងស្ងួតអស់និងបណ្តាលឱ្យពលរដ្ឋជាច្រើនត្រូវប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ខណៈគ្រោះរាំងស្ងួតនៅមិនទាន់បានបង្កឱ្យមានពលរដ្ឋវៀតណាមណាម្នាក់បានរងគ្រោះថ្នាក់ធ្ងន់ធ្ងរនៅឡើយទេ៕




អត្ថបទ៖ ភក្តី
ប្រភព៖ VN Express
- Share This Post:






