ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សេដ្ឋីនីអចលនទ្រព្យវៀតណាមត្រូវតុលាការកាត់ទោសឱ្យអស់ជីវិតជុំវិញករណីគៃបន្លំប្រាក់ជាង ១២ពាន់លានដុល្លារ

    BY Pheakdey April 12, 2024
    សេដ្ឋីនីអចលនទ្រព្យវៀតណាមត្រូវតុលាការកាត់ទោសឱ្យអស់ជីវិតជុំវិញករណីគៃបន្លំប្រាក់ជាង ១២ពាន់លានដុល្លារ

    វៀតណាម៖ ទីបំផុតតុលាការវៀតណាមបានសម្រេចកាតទោសប្រហារជីវិតលោកស្រី Truong My Lan ហើយ ជុំវិញករណីដែលរូបគាត់បានគៃបន្លំប្រាក់ចំនួនជាង ១២ពាន់លានដុល្លារ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសានេះ។ គួររម្លឹកជូនថា លោកស្រី Truong My Lan គឺសេដ្ឋីនីអចលនទ្រព្យដ៏មានឥទ្ធិពលមួយរូបរបស់វៀតណាម មានអាយុ ៦៧ឆ្នាំ និងធ្លាប់មានតួនាទីជាប្រធានក្រុមហ៊ុន Van Thinh Phat Holdings Group។

    បើតាមតុលាការវៀតណាមបានរកឃើញថា នាពេលកន្លងមកលោកស្រី Truong My Lan បានប្រព្រឹត្តិបទល្មើសជាច្រើនករណីមានទាំងការ​ប្រព្រឹត្តអំពើពុករលួយ បន្លំឯកសារ និងរំលោភច្បាប់ធនាគារដើម្បីអាចបន្លំយកប្រាក់ដែលមានចំនួនសរុបរហូតដល់ជាង ១២ពាន់លានដុល្លារចេញពីធនគារ Saigon Commercial Bank មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ករណីគៃបន្លំប្រាក់ខាងលើនេះត្រូវបានចាត់ទុកជាករណីឆបោកប្រាក់ដ៏ធំបំផុតមិនធ្លាប់មាននោះទេនៅក្នុងប្រទេសវៀតណាម ខណៈពលរដ្ឋវៀតណាមដែលជាជនរងគ្រោះក្នុងករណីដ៏កម្រនេះមានចំនួនប្រមាណជា ៤ម៉ឺននាក់។ សូមបញ្ជាក់ជូនផងដែរថា ក្រៅតែពីលោកស្រី  Truong My Lan ដែលជាមេក្លោង ក្នុងករណីបោកប្រាក់នេះក៏មានការពាក់ព័ន្ធជាមួយជនផ្សំគំនិតចំនួន ៨៥នាក់ផ្សេងទៀតផងដែរ ខណៈពួកគេម្នាក់ៗសុទ្ធតែត្រូវបានតុលាការវៀតណាមផ្តន្ទាទោសតាមកម្រិតផ្សេងៗគ្នាផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: