កម្មវិធីមួយចំនួននៅក្នុងទូរស័ព្ទ Android ត្រូវគេរកឃើញថា អាចលួចទិន្នន័យអ្នកប្រើប្រាស់បានយ៉ាងងាយ
- March 29, 2019
ការសិក្សាមួយបានរកឃើញថា កម្មវិធីទូរស័ព្ទសម្រាប់ទូរស័ព្ទប្រភេទ Android មួយចំនួនអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ ការសិក្សា និងស៊ើបអង្កេតនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Universidad Carlos III de Madrid ដែលមានមូលដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញ និងបានចុះផ្សាយជាសាធារណៈនៅក្នុងសារព័ត៌មានអេឡិចត្រូនិច DAILYMAIL ផងដែរ។ ការសិក្សាបានស្ទង់មតិទៅលើអ្នកប្រើប្រាស់ទូរស័ព្ទ Android ប្រមាណជា ២,៧៤៨ នាក់ ដោយប្រើឧបករណ៍ ១,៧៤២ ប្រភេទ និងស្ថិតនៅក្នុងប្រទេស ១៣០ ផ្សេងគ្នា។

លទ្ធផលនៃការសិក្សាបានបង្ហាញថា កម្មវិធីមួយចំនួនបានតម្រូវឲ្យអ្នកប្រើប្រាស់ភ្ជាប់កម្មវិធីទៅនឹងទិន្នន័យផ្ទាល់ខ្លួនមួយចំនួនរបស់ពួកគេ ហើយពេលនោះកម្មវិធីទាំងនោះក៏អាចប្រមូលទិន្នន័យផ្ទាល់ខ្លួន និងសំខាន់ៗរបស់អ្នកប្រើប្រាស់បានដោយងាយ។ ក្រោយការសិក្សានេះ គេមានការព្រួយបារម្ភខ្លាចមានករណីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទាំងនោះទៅធ្វើរឿងអវិជ្ជមានណាមួយ។ យ៉ាងណាក្តី កន្លងមកខាងក្រុមហ៊ុនធ្លាប់បានអះអាងថា គ្រប់កម្មវិធីរបស់ Android គឺមានសុវត្ថិភាពគ្រប់គ្រាន់ សម្រាប់អ្នកប្រើប្រាស់៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
- Share This Post:






