ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនគ្រូបង្រៀន ២នាក់ និងមន្ត្រីក្រសួងផែនការម្នាក់ ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ

BY
srey nuch
May 10, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បាន​ឱ្យដឹងថា កាលអំឡុងឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ មាន បុគ្គល០៣នាក់ ដែលមាន៖

១.ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខ អាន ព្រៃសណ្តែក
២.ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀននៃសាលាបឋម សិក្សាធន់មន់
៣.ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ បានសហការជាមួយគ្នាដើម្បីធ្វើសកម្មភាពជាច្រើនដូចជា៖ ការរត់ការ ចូលក្របខណ្ឌរដ្ឋ,ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត,ការទទួល ធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទដូចជា៖ សញ្ញាបត្របាក់ឌុប, សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី៤៥០ដុល្លារអាមេរិក ដល់១,៥០០ដុល្លារអាមេរិក។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី១១,០០០ដុល្លារអាមេរិក ដល់១៦,០០០ ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា។

សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា ជាក់ស្តែងនៅឆ្នាំ២០២៣ បុគ្គលទាំង០៣នាក់ បានសហការគ្នា ដោយជោគជ័យរត់ ការចូលក្របខណ្ឌគ្រូបង្រៀន កម្រិតឧត្តមឲ្យឈ្មោះ គុណ ធារី ភេទប្រុស ជាប់ជាគ្រូបង្រៀន តាមរយៈការ ប្រឡងចូលក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) សម័យប្រឡងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងតម្លៃ១៦,០០០ដុល្លារអាមេរិក។ ករណីមួយទៀតអ្នកទាំង០៣នាក់ បានរត់ការឲ្យឈ្មោះ ពុធ សំរស់ ភេទប្រុស ចូលក្របខណ្ឌគ្រូបង្រៀន (នៅខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២៣ ប៉ុន្តែប្រឡងមិនជាប់ ហើយបន្តរត់ការប្រឡងចូលក្របខណ្ឌគ្រូជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ នៅសម័យប្រឡងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងតម្លៃ១៦,០០០ ដុល្លារអាមេរិក ប៉ុន្តែត្រូវកក់ចំនួន១,០០០ដុល្លារអាមេរិក មុនរង់ចាំប្រកាសលទ្ធផលជាប់ ទើបបង់ប្រាក់ បង្គ្រប់។

ក្រោយពីបានធ្វើការស៊ើបអង្កេតនិងប្រមូលភស្តុតាងរួចមករកឃើញថា៖

ជនសង្ស័យទាំង ០៣នាក់ ១.ឈ្មោះ នង រុន, ២.ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី និង៣.ឈ្មោះ ហ៊ុយ ពិសិដ្ឋ គ្មានសមត្ថកិច្ច និងសិទ្ធិទាល់តែសោះ ក្នុងការជ្រើសរើសមន្ត្រីឲ្យចូលក្របខណ្ឌ បែរជាសហការគ្នា ស្វែងរកបុគ្គល ដែលមានបំណងចូលក្របខណ្ឌ ទាំងដែលពុំមានលក្ខខណ្ឌ និងសមត្ថភាពគ្រប់គ្រាន់ ដូចជា ពុំមានសញ្ញាបត្រត្រឹមត្រូវ ដោយហ៊ានរកអ្នកធ្វើសញ្ញាបត្រក្លែង យកមកប្រើប្រាស់ដោយខុសច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាប្រាក់។

សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលឈ្មោះ នង រុន ជាអ្នករៀបចំឯកសារ និងផ្តល់ជូនបេក្ខជន នូវវិញ្ញាសារត្រៀមប្រឡងដោយផ្ទាល់ ប្រមូលផ្តុំបេក្ខជន(ក្រុមបេក្ខជន) និងចាត់ចែងរាល់កិច្ចការងារ ពាក់ព័ន្ធនឹងការប្រឡងទាំងអស់សម្រាប់អ្នកចង់ចូលក្របខណ្ឌ ហើយបុគ្គលឈ្មោះ ស៊ុន ពេជ្រសុម៉ា លី និងឈ្មោះ ហ៊ុយ ពិសិដ្ឋ ជាអ្នកស្វែងរកបេក្ខជន ដែលចង់រត់ការចូលក្របខណ្ឌជាគ្រូបង្រៀន។

ជាលទ្ធផលជនសង្ស័យទាំង០៣នាក់ ទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ នៃអំពើខាងលើនូវទឹកប្រាក់ចំនួន១៧,០០០ ដុល្លារអាមេរិក ក្នុងនោះឈ្មោះ និង រុន ទទួលបានប្រាក់ ចំនួន១២,០០០ ដុល្លារអាមេរិក (ករណីរត់ការឲ្យឈ្មោះ គុណ ធារី ចំនួន១១,០០០ដុល្លារអាមេរិក និងប្រាក់កក់របស់ឈ្មោះ ពុធ សំរស់ ចំនួន១,០០០ដុល្លារអាមេរិក ហើយឈ្មោះ ស៊ុន ពេជ្រសុម៉ាលី និងឈ្មោះ ហ៊ុយ ពិសិដ្ឋ ទទួលបានអត្ថប្រយោជន៍ ដែលនៅសល់ពីការទូទាត់ឲ្យឈ្មោះ នង រុន នូវប្រាក់ចំនួន៥,០០០ដុល្លារអាមេរិក ដោយចែកគ្នាម្នាក់ពាក់កណ្តាល គឺម្នាក់ទទួលបានប្រាក់ចំនួន២,៥០០ដុល្លារអាមេរិក។

អំពើខាងលើ គឺជាបទល្មើស រំលោភអំណាច ប្រព្រឹត្តនៅខេត្តតាកែវ និងនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ សម្រាប់ជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

Share This Post: