អន្តរជាតិ
ជំនន់ទឹកភ្លៀង និងកម្អែរភ្នំភ្លើង បានបណ្តាលឱ្យពលរដ្ឋឥណ្ឌូនេស៊ី ៤១នាក់បាត់បង់ជីវិត និង ១៧នាក់កំពុងបាត់ខ្លួន
BY Pheakdey
May 13, 2024
ឥណ្ឌូនេស៊ី៖ យ៉ាងណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៤១នាក់បានស្លាប់បាត់បង់ជីវិត ដោយសារបញ្ហាទឹកជំនន់ និងកម្អែរត្រជាក់ចេញពីភ្នំភ្លើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៣ ខែឧសភានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងខេត្ត West Sumatra ដែលជាតំបន់កោះស្ថិតប៉ែកខាងលិចនៃប្រទេសឥណ្ឌូនេស៊ី។

បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានពលរដ្ឋចំនួន ១៧នាក់ផ្សេងទៀតកំពុតតែបាត់ខ្លួន និង ១៨នាក់បានរងរបួសផងដែរ។ ប្រភពខាងលើបានបន្តថា ទឹកជំនន់ដែលកំពុងគំរាមកំហែងខេត្ត West Sumatra នៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា ចំណែកឯកម្អែរត្រជាក់វិញគឺជាកម្អែរដែលបានហូរចេញមកពីភ្នំភ្លើង Marapi៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time