អន្តរជាតិ

ជំនន់ទឹកភ្លៀងនៅអាហ្វហ្គានីស្ថាន បណ្តាលឱ្យពលរដ្ឋ ៣១៥នាក់បាត់បង់ជីវិត និងជាង ១,៦០០នាក់កំពុងរងរបួស

BY
Pheakdey
May 13, 2024

អាហ្វហ្គានីស្ថាន៖ គិតត្រឹមពេលនេះមានពលរដ្ឋអាហ្វហ្គានីស្ថានចំនួន ៣១៥នាក់ហើយ​ ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី១២ ខែឧសភានេះ។ ទឹកជំនន់ដែលកំពុងតែបង្កការគំរាមគំហែងភូមិជាច្រើននៅតំបន់ប៉ែកខាងជើងអាហ្វហ្គានីស្ថាននៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលកើតឡើងក្រោយមានភ្លៀងយ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញមានអ្នកស្លាប់ក្នុងចំនួនដ៏ច្រើនហើយ ឥទ្ធិពលរបស់ទឹកជំនន់ដ៏ឆាប់រហ័សនេះក៏បានបង្កឱ្យមានពលរដ្ឋជាង ១,៦០០នាក់ផ្សេងទៀតបានរងរបួសផងដែរ។ ជាងនេះទៅទៀត ទឹកជំនន់ក៏បានបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនផងដែរ ខណៈគិតត្រឹមពេលនេះមានពលរដ្ឋអាហ្វហ្គានីស្ថានជាច្រើនពាន់នាក់ កំពុងតែប្រឈមនឹងបញ្ហាខ្វះទឹកស្អាតប្រើប្រាស់ ខ្វះខាតអាហារ ថ្នាំពេទ្យ និងត្រូវរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕

 អត្ថប​ទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: