ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋ ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការ

    BY Nisaiy KN May 19, 2024
    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​៖ រាជរដ្ឋាភិបាល ផ្តល់ឱកាសស្មើៗគ្នាដល់ប្រជាពលរដ្ឋ ដើម្បីក្លាយខ្លួនជាមន្ត្រីរាជការ

    (កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ អំពីការផ្តល់ឱកាសរបស់រាជរដ្ឋាភិបាល ដល់ប្រជាពលរដ្ឋក្នុងការក្លាយខ្លួនជាមន្ត្រីរាជការស្មើៗគ្នាថា “នៅពេលនេះក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ តាមនិយាមនីតិវិធីប្រតិបត្តិ ដ៏ល្អមួយ ដែលធានាដល់ការប្រឡងប្រជែង ប្រព្រឹត្តទៅដោយតម្លាភាព យុត្តិធម៌ ហើយប្អូនដែលបានរៀនចប់ ហើយមានបំណងចង់ក្លាយជាមន្ត្រីរាជការ អាចប្រឡងប្រជែង ការផ្តល់ឱកាសឱ្យប្អូនៗ អាចចូលរួមប្រឡងប្រជែងជាបន្តបន្ទាប់ តាមរយៈការរៀបចំការប្រឡងរបស់ក្រសួងមុខងារសាធារណៈបាន”។

    ការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងពិធីបុណ្យសម្ពោធសមិទ្ធផលនានា នៅវត្តសុខារាម សង្កាត់ក្សេមក្សាន្ត ក្រុមឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមផងដែរថា “កាលពីម្សិលមិញការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ បានបញ្ចប់ ហើយព្រឹកនេះ សន្លឹកកិច្ចការបេក្ខជន ស្ថិតក្នុងដំណាក់កាលកែ”។

    គួររម្លឹកផងដែរថា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញដឹកនាំពិនិត្យដោយផ្ទាល់ទៅលើរបៀបរបប និងនីតិវិធីកែវិញ្ញាសាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនសម្រាប់បង្រៀននៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

    បន្ថែមផងដែរថា កំណែសន្លឹកកិច្ចការបានចាប់ផ្តើមពីម៉ោង ៨៖០០ ព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានាស្របតាមនិយាមនីតិវិធីប្រតិបត្តិដែលបានកំណត់ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមនិយាមនីតិវិធីប្រតិបត្តិ និងស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕


    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: