អន្តរជាតិ

កូរ៉េខាងត្បូង នឹងហាមឃាត់គណនី TikTok ដែលបង្ហោះវីដេអូចម្រៀងលើកសរសើរលោក គីម ជុងអ៊ុន

BY
Pheakdey
May 21, 2024

កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងនឹងធ្វើការហាមឃាត់គណនី TikTok ដែលបានបង្ហោះវីដេអូចម្រៀងមានអត្ថន័យលើកសរសើរ លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំផ្តាច់ការរបស់ប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃអង្គារ ទី២១ ខែឧសភា។  វិធានការខាងលើនេះត្រូវបានធ្វើឡើងក្រោយមានវីដេអូចម្រៀងដែលមាននិន្នាការគាំទ្រ លោក គីម ជុងអ៊ុន ចំនួន២៩ ត្រូវបានគេបង្ហោះចូលទៅក្នុងបណ្តាញសង្គម TikTok នៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗនេះ។

បើតាមអាជ្ញាធរគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានបញ្ជាក់ថា ចម្រៀងដែលមានអត្ថន័យលើកសរសើរ លោក គីម ជុងអ៊ុន នោះមានចំណងជើងថា  “Friendly Father” ហើយខ្លឹមសារទាំងស្រុងនៅក្នុងបទចម្រៀងមួយបទនេះគឺបានរៀបរាប់ថា លោក គីម ជុងអ៊ុន គឺជាមេដឹកនាំដ៏អស្ចារ្យមួយរូបនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកូរ៉េខាងជើង ហើយរូបលោកមានទឹកចិត្តស្រលាញ់ពលរដ្ឋកូរ៉េខាងជើងគ្រប់រូបជាទឹកចិត្តដែលឪពុកមានចំពោះកូនអញ្ចឹងដែរ។ យ៉ាងណាក្តី សម្រាប់អាជ្ញាធរកូរ៉េខាងត្បូងបានយល់ឃើញថា អត្ថន័យនៅក្នុងបទចម្រៀងនេះ គឺវាផ្ទុយទាំងស្រុងទៅនឹងស្ថានភាពជាក់ស្តែង ហើយវីដេអូចម្រៀងប្រភេទនេះ ក៏អាចជះឥទ្ធិពលអាក្រក់ចំពោះការយល់ឃើញរបស់ក្រុមពលរដ្ឋវ័យក្មេងផងដែរ៕

អត្ថបទ ៖ ភក្តី

ប្រភព៖ BBC

Share This Post: