អ្នកដំណើរ ២០នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ក្នុងប្រទេសថៃនៅឡើយ
- BY
- Pheakdey
- May 23, 2024
ថៃ៖ ករណីដែលយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines បានជួបបញ្ហារលាក់យ៉ាងធ្ងន់ធ្ងររហូតបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនៅតែជាប្រធានបទគួរឱ្យចាប់អារម្មណ៍មួយសម្រាប់បណ្តាញសារព័ត៌មានធំៗមួយចំនួន បើទោះជាហេតុការណ៍ដ៏កម្រនេះបានកើតឡើងអស់រយៈពេល២ថ្ងៃក៏ហើយក្តី។ សម្រាប់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះបានឱ្យដឹងថា គិតត្រឹមពេលនេះគឺមានអ្នកដំណើរដែលបានរងរបួសធ្ងន់ធ្ងរចំនួន ២០នាក់កំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅក្នុងប្រទេសថៃនៅឡើយទេ ខណៈអ្នកដំណើរនិងក្រុមអ្នកបម្រើការងារនៅលើយន្តហោះផ្សេងទៀតបានទៅដល់ប្រទេសសិង្ហបុរីរួចអស់ហើយ។

ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះក៏មានពលរដ្ឋជនជាតិសិង្ហបុរីចំនួន ២នាក់ផងដែរ។ គួរម្លឹកជូនថា កាលពីល្ងាចថ្ងៃទី២១ កន្លងទៅនេះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Singapore Airlines ដែលមានជើងហោះហើរលេខSQ321 មានផ្ទុកអ្នកដំណើរសរុបចំនួន ២១១នាក់ អ្នកបម្រើការចំនួន១៨នាក់ និងមានទិសដៅចេញពីក្រុងឡុងដ៏ ប្រទេសអង់គ្លេសឆ្ពោះមកកាន់ប្រទេសសិង្ហបានជួបប្រទះនូវបញ្ហារលាក់យ៉ាងខ្លាំងនិងកម្របំផុតមួយក្រោយយន្តហោះបានធ្វើដំណើរអស់រយៈពេល ១០ម៉ោង។ ភ្លាមៗក្រោយបានជួបប្រទះហេតុការណ៍ចម្លែកនេះ យន្តហោះបានធ្វើការចុះចតជាបន្ទាន់នៅក្នុងប្រទេសថៃ ខណៈមានអ្នកដំណើរជនជាតិអង់គ្លេសអាយុ៧៣ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






