អន្តរជាតិ

ជប៉ុនបានចំណាយប្រាក់ជិត ៦០ពាន់លានដុល្លារដើម្បីទប់តម្លៃលុយយេនមិនឱ្យធ្លាក់ចុះ

BY
Pheakdey
June 1, 2024

ជប៉ុន៖ ប្រទេសជប៉ុនបានចំណាយប្រាក់ជិត ៦០ពាន់លានដុល្លារដើម្បីទប់តម្លៃប្រាក់យេនមិនឱ្យធ្លាក់ចុះ នេះបើយោងទៅតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃសុក្រ ទី៣១ ខែឧសភានេះ។ គួរកត់សម្គាល់ថា ថ្មីៗនេះតម្លៃរបស់លុយយេនជប៉ុនបានធ្លាក់យ៉ាងខ្លាំងមិនធ្លាប់មាននោះទេ​នៅក្នុងរយៈពេល​ ៣៤ឆ្នាំចុងក្រោយនេះ បើធៀបទៅនឹងប្រាក់ដុល្លារអាមេរិក។

ប្រភពខាងលើបានបន្តថា ជប៉ុនបានបញ្ចេញកញ្ច​ប់ថវិកាចំនួន ២ដំណាក់កាលដើម្បីជួយលើកកម្ពស់តម្លៃរូបិយប័ណ្ណក្នុងស្រុក ដោយដំណាក់ទី១ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមេសា ដែលនៅព្រឹកថ្ងៃនោះលុយយេនបានធ្លាក់ចុះរហូតដល់កម្រិតលុយ ១៦០យេនស្មើនឹងលុយ ១ដុល្លារអាមេរិក តែក្រោយមានអន្តរាគមន៍ពីរដ្ឋាភិបាលជប៉ុននៅល្ងាចក្នុងថ្ងៃដដែលនោះតម្លៃលុយយេនក៏បានឡើងមកវិញបន្តិច ដោយលុយ ១៥៦យេនស្មើនឹងលុយ ១ដុល្លារអាមេរិក។

សម្រាប់នៅក្នុងដំណាក់កាលទី២ វិញត្រូវបានធ្វើឡើងនៅក្នុងថ្ងៃទី២ ខែឧសភា ដោយនៅក្នុងថ្ងៃនោះតម្លៃលុយយេនបានបន្តកើនឡើង ២%ទៀត ពោលគឺលុយ ១៥៣យេនស្មើនឹងលុយ ១ដុល្លារអាមេរិក។ តាមក្រុមអ្នកវិភាគបានអះអាងថា ក្នុងការធ្វើអន្តរាគមន៍ទាំង ២ដំណាក់កាលនេះជប៉ុនបានបញ្ចេញសាច់ប្រាក់ចំនួន ៩,០០០ពាន់លានយេន ឬស្មើនឹង ៥៧,១ ពាន់លានដុល្លារអាមេរិក។ សូមបញ្ជាក់ជូនថា នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច នៅពេលដែលតម្លៃរូបិយប័ណ្ណរបស់ប្រទេសណាមួយបានធ្លាក់នោះគឺវាមានន័យថាសេដ្ឋកិច្ចជាតិរបស់ប្រទេសកំពុងតែធ្លាក់ចុះដែរ ឬកំពុងមានបញ្ហាជាប់គាំងជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ VN Express

Share This Post: