អន្តរជាតិ

ភាគទុនិកក្រុមហ៊ុន Tesla ប្តឹងលោក Elon Musk ជុំវិញករណីដែលលោករៀបចំគម្រោងលក់ភាគហ៊ុនផ្ទៃក្នុងមួយដើម្បីចំណេញប្រាក់ផ្ទាល់ខ្លួន ៣ពាន់លានដុល្លារ

BY
Pheakdey
June 1, 2024

អាមេរិក៖ ភាគទុនិករបស់ក្រុមហ៊ុន Tesla ម្នាក់បានដាក់ពាក្យប្តឹងអគ្គនាយកក្រុមហ៊ុន Tesla គឺលោក Elon Musk ទៅកាន់តុលាការជុំវិញករណីដែលរូបលោកបានលក់ភាគហ៊ុនរបស់ក្រុមហ៊ុនមានតម្លៃសរុបចំនួន ៧,៥ពាន់លានដុល្លារក្នុងទម្រង់ជាការជួញដូរផ្ទៃក្នុង​មុនពេលដែលលោកបង្ហាញអំពីរបាយការណ៍ធ្លាក់ចុះរបស់ក្រុមហ៊ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១ ខែមិថុនានេះ។ បើតាមលោក Michael Perry  ដែលជាដើមបណ្តឹងបានបញ្ជាក់ថា តាមរយៈសក​ម្មភាពបំភ័ន្តសាធារណៈជននេះបានធ្វើឱ្យលោក Elon Musk អាចចំណេញប្រាក់បានចំនួន ៣ពាន់លានដុល្លារផងដែរ។

នៅក្នុងពាក្យបណ្តឹងខាងលើនេះបានរៀបរាប់ថា កាលពីចុងឆ្នាំ ២០២២កន្លងទៅ លោក Elon Musk បានធ្វើសកម្មភាពដោយបំពានទៅនឹងតួនាទីក្នុងនាមជាអគ្គនាយកក្រុមហ៊ុន និងផ្ទុយទៅនឹងច្បាប់ពាណិជ្ជកម្ម ដោយរូបលោកបានរៀបចំគម្រោងលក់ភាគហ៊ុនរបស់ក្រុមហ៊ុនឱ្យទៅម្ចាស់ភាគហ៊ុនជាច្រើនផ្សេងទៀតក្នុងតម្លៃដ៏ខ្ពស់មួយ ទាំងដែលរូបលោកបានដឹងច្បាស់រួចទៅហើយថា តម្លៃហ៊ុនរបស់ក្រុមហ៊ុននៅក្នុងទីផ្សារនឹងធ្លាក់ចុះក្រោយពេលក្រុមហ៊ុនបញ្ចេញរបាយការណ៍លក់នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២២។

បន្ទាប់ពីបានបញ្ចប់គម្រោងលក់ភាគហ៊ុនដែលមានតម្លៃសរុបចំនួន ៧,៥ពាន់លានដុល្លាររួចរាល់ហើយ ស្រាប់តែនៅក្នុងថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Tesla បានបញ្ចេញរបាយការណ៍មួយដែលបង្ហាញថា ការផលិតនិងការលក់របស់ក្រុមហ៊ុននៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០២២ បានធ្លាក់ចុះ ដែលវាបានធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla នៅក្នុងទីផ្សារត្រូវធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ ប្រភពខាងលើបានបន្តថា លោក Elon Musk មានចេតនារៀបចំគម្រោងខាងលើនេះ សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកដែលត្រូវខាតបង់នោះ គឺក្រុមភាគទុនិកដែលបាននាំគ្នាទិញភាគហ៊ុនក្នុងតម្លៃដ៏ខ្ពស់នៅក្នុងចុងឆ្នាំ២០២២៕

អត្ថបទ៖ ភក្តី

ប្រភព៖Channel News Asia

Share This Post: