ឯកឧត្តម សៀក សុជាតិ បញ្ជាឲ្យស្រាវជ្រាវរកមេខ្យល់នាំអីវ៉ាន់គេចពន្ធតាមរយៈកម្មករអូសរទេះ ដែលធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមការងារទី២ នៃគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធស្រាវជ្រាវរកមេខ្យល់ នាំអីវ៉ាន់គេចពន្ធតាមរយៈកម្មករអូសរទេះ ដើម្បីទទួលខុសត្រូវចំពោះច្បាប់ជាធរមាន និងចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយអាជ្ញាធរភាគីថៃទប់ស្កាត់ឈ្មួញទុច្ចរិត មិនឱ្យមានការនាំចេញទំនិញគេចពន្ធចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមរយៈកម្មករអូសរទេះបន្តទៀត។

ការបញ្ជាខាងលើ បានធ្វើឡើងក្រោយពីមាន ផ្ទុះការតវ៉ាជាអំពើហិង្សានៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពីសំណាក់កម្មករអូសរទេះ កាលពីថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ។
នៅក្នុងកិច្ចប្រជុំដើម្បីដោះស្រាយខាងលើ កាលពីនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានស្នើឱ្យ អាជ្ញាធរសមត្ថកិច្ចនៅច្រកទ្វារព្រំដែនត្រូវសហការ ការពារមន្ត្រីភ្នាក់ងារ គយ ក្នុងការប្រមូលពន្ធជូនរដ្ឋ ជៀសវាងកុំឱ្យមានអីវ៉ាន់គេចពន្ធតាមរយៈរូបភាពនៃការអូសរទេះដែលធ្វើឱ្យបាត់បង់ចំណូលថវិកាជាតិ ។
ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ខាងលើ បានណែនាំដល់មន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្រង់ស្ថិតិកម្មករអូសរទេះ ដើម្បីណែនាំផ្សព្វផ្សាយអប់រំពួកគាត់ឱ្យបញ្ឈប់ធ្វើសកម្មភាពអូសរទេះនាំអីវ៉ាន់គេចពន្ធ ដែលនាំឱ្យមានការរំខានដល់ភ្ញៀវទេសចរណ៍ឆ្លងកាត់តាមច្រកអន្តរជាតិ៕



ប្រភព៖ ក្រសួងព័ត៌មាន