អន្តរជាតិ

ស្រីលង្កាប្រកាសបិទសាលារៀនទូទាំងប្រទេសក្រោយមានពលរដ្ឋ ១៤នាក់បាត់បង់ជីវិតដោយសារព្យុះមូសុង

BY
Pheakdey
June 3, 2024

ស្រីលង្កា៖ យ៉ាងហោចណាស់មានពលរដ្ឋស្រីលង្កាចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែឥទ្ធិពលរបស់ព្យុះមូសុងដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែមិថុនា។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កាបានបញ្ជាក់ថា នៅចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិអស់នោះគឺមានជនរងគ្រោះចំនួន ៩នាក់បានស្លាប់ដោយសារមានដើមឈើបាក់សង្កត់ខណៈពួកគេកំពុងធ្វើដំណើរតាមដងផ្លូវ។

ប្រភពខាងលើបានបន្តថា ជនរងគ្រោះចំនួន ៣នាក់ដែលជាសមាជិកនៅក្នុងគ្រួសារតែមួយបានស្លាប់ដោយសារតែលង់ទឹក និងជនរងគ្រោះចំនួន ២នាក់ផ្សេងទៀតបានស្លាប់ដោយសារតែបញ្ហាបាក់ដីដែលកប់មកលើពួកគេទាំងរស់តែម្តង។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះមូសុងបានកំពុងតែបង្កឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំងរហូតធ្វើឱ្យតំបន់មួយចំនួនត្រូវជនលិចដោយជំនន់ទឹភ្លៀង ហើយនៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះរដ្ឋាភិបាលស្រីលង្កាបានសម្រេចបិទសាលារៀននៅទូទាំងប្រទេសជាបណ្តោះអាសន្នសិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

 

Share This Post: