ម៉ាល់ឌីវសម្រេចហាមឃាត់មិនឱ្យពលរដ្ឋអ៊ីស្រាអែលចូលមកប្រទេសខ្លួនដើម្បីបង្ហាញនិន្នាការប្រឆាំងសង្គ្រាមនៅហ្គាហ្សា
- BY
- Pheakdey
- June 3, 2024
ម៉ាល់ឌីវ៖ ប្រទេសម៉ាល់ឌីវបានប្រកាសហាមឃាត់មិនឱ្យពលរដ្ឋអ៊ីស្រាអែលធ្វើដំណើរមកកាន់ទឹកដីរបស់ខ្លួនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៣ ខែមិថុនា។ បើតាមលោក Mohamed Muizzu ប្រធានាធិបតីនៃប្រទេសម៉ាល់ឌីវបានបញ្ជាក់ថា ការហាមឃាត់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងសម្តែងនូវការប្រឆាំងចំពោះការធ្វើសង្គ្រាមរបស់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដែលបានបណ្តាលឱ្យពលរដ្ឋស៊ីវិលប៉ាឡេស៊ីជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ឬត្រូវរត់ភៀសខ្លួនយ៉ាងវេទនាបំផុត។

សូមបញ្ជាក់ជូនថា ម៉ាល់ឌីវគឺជាប្រទេសកាន់សាសនាឥស្លាមតូចមួយស្ថិតតំបន់អាស៊ីខាងត្បូងនិងមានប្រជាជនរស់នៅជាងកន្លះលាននាក់ប៉ុណ្ណោះ បើគិតត្រឹមឆ្នាំ២០២២។ យ៉ាងណាក្តី ម៉ាល់ឌីវគឺជាទិសដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយនៅលើពិភពលោក ដោយម៉ាល់ឌីវមានឆ្នេរសមុទ្រពណ៌សយ៉ាងស្រស់ស្អាត បឹងខៀវស្រងាត់ បរិយាកាសយ៉ាងស្ងប់ស្ងាត់ និងមានកោះដែលមានផ្កាថ្មយ៉ាងស្រស់ស្អាតនិងប្លែកៗជាង ១,០០០កន្លែង។ ជាទូទៅម៉ាល់ឌីវត្រូវបានគេស្គាល់ថា ជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ការដំណើរកំសាន្តបែបរ៉ូមែនទិក ជាលក្ខណៈគូស្នេហ៍ ដំណើរកម្សាន្តបែបក្រេបទឹកឃ្មុំ និងជាឋានសួគ៌ដ៏ល្អបំផុតសម្រាប់អ្នកចូលចិត្តការកំសាន្តនៅតាមឆ្នេរសមុទ្រ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






