WHO រកឃើញករណីមានមនុស្សបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N2 ជាលើកដំបូងនៅលើពិភពលោក
- BY
- Pheakdey
- June 6, 2024
ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកបានជូនដំណឹងអំពីការរកឃើញករណីមានមនុស្សស្លាប់ដោយសារជំងឺផ្តាសាយបក្សីប្រភេទ H5N2 ជាលើកដំបូងបំផុតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនានេះ។ ជនរងគ្រោះដែលបានស្លាប់ក្នុងករណីដ៏កម្រនេះមានអាយុ ៥៩ឆ្នាំ និងជាពលរដ្ឋរស់នៅក្នុងប្រទេសម៉ិចស៊ីកូ។

បើតាមក្នុងរបាយការណ៍របស់អាជ្ញាធរសុខភិបាលម៉ិចស៊ីកូ បានបញ្ជាក់ថា ជនរងគ្រោះខាងលើនេះគ្មានប្រវត្តិធ្លាប់ប៉ះពាល់ជាមួយសត្វបក្សីឬសត្វពាហនៈណាមួយឡើយមុនពេលរូបគាត់បានឆ្លងមេរោគ តែរូបគាត់ជាមនុស្សដែលមានបញ្ហាក្រលៀនរ៉ាំរ៉ៃ និងមានជំងឺទឹកនោមផ្អែមប្រចាំកាយ។ ប្រភពខាងលើនេះបានបន្តថា មុនពេលស្លាប់ជនរងគ្រោះបានកើតមានអាការមួយចំនួនដូចជា ក្តៅខ្លួនខ្លាំង ពិបាកដកដង្ហើម រាគ និងក្អួត ខណៈដែលក្រុមវេជ្ជបណ្ឌិតបានរកឃើញថា រូបគាត់បានឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N2៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






