អន្តរជាតិ

អាមេរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 តម្លៃ ៨០លានដុល្លារឱ្យទៅកោះតៃវ៉ាន់

BY
Pheakdey
June 6, 2024

អាមេរិក៖ សហរដ្ឋអាមេរិកបានយល់ព្រមលក់យន្តហោះចម្បាំងមានតម្លៃ ៨០លានដុល្លារឱ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិនៃមន្ទីរបញ្ចកោណអាមេរិកដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនានេះ។ កិច្ចសន្យាទិញលក់ខាងលើនេះនឹងត្រូវធ្វើឡើងរវាងក្រសួងការបរទេសអាមេរិកជាមួយនឹងក្រសួងការពារជាតិតៃវ៉ាន់។

ប្រភពខា​ងលើបានបន្តថា យន្តហោះចម្បាំងដែលអាមេរិកនឹងលក់ទៅឱ្យកោះតៃវ៉ាន់នោះគឺយន្តហោះចម្បាំងប្រភេទ F-16 ដែលជាយន្តហោះចម្បាំងមានកម្លាំងខ្លាំងនិងទំនើបបំផុតរបស់អាមេរិក ខណៈនៅក្នុងសេចក្តីថ្លែងការណ៍ខាងលើមិនបានបញ្ជាក់អំពីចំនួនជាក់លាក់របស់យន្តហោះដែលកោះតៃវ៉ាន់ត្រូវទទួលបាននោះទេ។ ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ខាងលើ ក្រសួងការពារជាតិតៃវ៉ាន់បានចេញមកធ្វើការថ្លែងអំណរគុណយ៉ាលជ្រៅចំពោះអាមេរិកដែលតែងតែជួយការពារនិងគាំទ្រកោះតៃវ៉ាន់ក្នុងវិស័យការពារជាតិ ហើយក្រសួងការពារជាតិតៃវ៉ាន់ក៏បានបញ្ជាក់ផងដែរថា យន្តហោះចម្បាំងប្រភេទ F-16 នេះនឹងជួយលើកកម្ពស់វិស័យយោធាជើងអាកាសរបស់តៃវ៉ាន់ឱ្យកាន់តែរឹងមាំដើម្បីទប់ទល់នឹងការគំរាមគំហែងពីសំណាក់យោធាចិន៕ 

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

Share This Post: