អន្តរជាតិ

ថៃ នឹងបន្តអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភជាង ២៧០ដុល្លារទៅកាន់ពលរដ្ឋ ៥០លាននាក់ដូចកាលពីឆ្នាំមុន

BY
Pheakdey
June 7, 2024

ថៃ៖ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Paopoom Rojanasakul បានចេញមកបញ្ជាក់ថា រដ្ឋាភិបាលថៃនៅតែអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភចំនួន ១០,០០០បាត (២៧៤,៩៦ ដុល្លារអាមេរិក) ទៅក្រុមពលរដ្ឋ ៥០លាននាក់ដូចកាលពីឆ្នាំកន្លងទៅដដែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការចេញមកបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយអំពីចំនួនទឹកប្រាក់ឧបត្ថម្ភសរុបមិនត្រឹមត្រូវ ដែលធ្វើឱ្យពលរដ្ឋម្នាក់ៗយល់ឃើញថានៅក្នុងឆ្នាំនេះពួកគេត្រូវទទួលបានប្រាក់ឧបត្ថម្ភតិចជាងឆ្នាំមុន។

សូមបញ្ជាក់ជូនថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤នេះ ខណៈក្រុមពលរដ្ឋងាយរងគ្រោះទាំង ៥០លាននាក់នឹងទទួលប្រាក់នេះក្នុងទម្រង់ជាលុយឌីជីថល ពោលគឺពួកគេនឹងទទួលបានប័ណ្ណមួយសន្លឹកដែលមានតម្លៃជាទឹកប្រាក់ ១០,០០០បាត។ បន្ទាប់ពីទទួលបានប័ណ្ណនេះហើយ ក្រុមពលរដ្ឋងាយរងគ្រោះអាចយកប័ណ្ណទៅទិញម្ហូបអាហារឬសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗនៅតាមតូបឬស្តង់លក់ទំនិញដែលជាដៃគូសហការណ៍ជាមួយរដ្ឋាភិបាលថៃ ខណៈកម្មវិធីលក់នឹងត្រូវរៀបចំឡើងនៅតាមទីតាំងជាច្រើនកន្លែងផ្សេងៗគ្នានិងតាមពេលវេលាខុសគ្នាផងដែរ។

ក្រោយកម្មវិធីលក់ទំនិញបានបិទបញ្ចប់ ក្រុមអ្នកលក់ដែលជាដៃគូសហការណ៍ជាមួយរដ្ឋាភិបាលថៃអាចមកធ្វើការទូទាត់ដើម្បីទទួលយកប្រាក់សុទ្ធពីអាជ្ញាធរថៃបានគ្រប់ចំនួនទៅតាមទំហំទឹកប្រាក់ដែលពួកគេបានលក់ដាច់ជាក់ស្តែង។ សូមបញ្ជាក់ជូនថា​ កម្មវិធីខាងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ជីវភាពពលរដ្ឋដែលកំពុងប្រឈមនឹងបញ្ហាបាត់បង់ប្រាក់ចំណូល និងក្រុមអ្នកលក់ដែលកំពុងបាត់បង់អតិថិជននៅក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ចយ៉ាងឆ្ងន់ធ្ងរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: