ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃចាប់ខ្លួនឧក្រិដ្ឋជនបានជាង ១៤,០០០នាក់និងបង្កកទ្រព្យសម្បត្តិបានជិត ១២៤លានដុល្លារក្នុងប្រតិបត្តិការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធ Online ទ្រង់ទ្រាយធំមួយ

    BY Pheakdey June 8, 2024
    ថៃចាប់ខ្លួនឧក្រិដ្ឋជនបានជាង ១៤,០០០នាក់និងបង្កកទ្រព្យសម្បត្តិបានជិត ១២៤លានដុល្លារក្នុងប្រតិបត្តិការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធ Online ទ្រង់ទ្រាយធំមួយ

    ថៃ៖ អាជ្ញាធរថៃបានចាប់ខ្លួនជនឧក្រិដ្ឋជនជាង ១៤,០០០នាក់នៅក្នុងប្រតិបត្តិការណ៍បង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធ Online នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែមិថុនា។ ករណីឆបោកទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងក្នុងរូបភាពជាច្រើនដូចជា ក្រុមជនខិលខូចបានបង្កើតមជ្ឈមណ្ឌលហៅទូរស័ព្ទ (Call Center) បង្កើតគម្រោងដាក់ប្រាក់វិនិយោគក្លែងក្លាយ និងបង្កើតគេហទំព័រលេងល្បែងដើម្បីបោកយកប្រាក់ពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសថៃ។

    បើតាមលោក Siriwat Depor ដែលជាអ្នកនាំពាក្យឱ្យស្ថាប័នប៉ូលិសថៃបានបញ្ជាក់ថា ជនខិលខូចដែលត្រូវបានប៉ូលិសចាប់ខ្លួនក្នុងរយៈពេល ៧ខែចុងក្រោយនេះមានចំនួនសរុប ១៤,៨២៦នាក់ ហើយនៅក្នុងការបង្រ្កាបនេះអាជ្ញាធរថៃក៏បានធ្វើការបង្កកទ្រព្យសម្បត្តិរបស់ក្រុមឧក្រិដ្ឋជនសរុបចំនួន ៤,៥៦ពាន់លានបាត (១២៣,៩៦៣,៦៤៥ ដុល្លារអាមេរិក) ផងដែរ។ អ្នកនាំពាក្យរូបនេះបានបន្តថា គិតត្រឹមពេលនេះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរថៃចំពោះករណីខាងលើនេះបានផ្តល់មកវិញនូវលទ្ធផលល្អៗចំនួន៣ រួមមាន ចាប់ខ្លួនឧក្រិដ្ឋជនដែលជាមេក្លោងធំៗបានជាច្រើននាក់ បានបំផ្លាញនូវហេដ្ឋារចនាសម្ព័នឬបណ្តាញការងាររបស់ក្រុមឧក្រិដ្ឋជន និងបានរុះរើបណ្តាញទូរទាត់ប្រាក់ជាច្រើនទម្រង់ ដើម្បីបង្កាកុំករណីឆបោកនេះសាយភាពកាន់តែធំឡើងៗនៅក្នុងសង្គម៕ 

    អត្ថបទ៖ ភក្តី

    ប្រភព៖The Strait Time

     

    Share This Post: