អន្តរជាតិ

កូរ៉េខាងត្បូងគ្រោងបន្ថែមថ្ងៃឈប់សម្រាកពិសេសមួយរហូតដល់ ៦ថ្ងៃសម្រាប់ក្រុមបុគ្គលិកជាស្រ្តីដែលចង់បានកូន

BY
Pheakdey
June 8, 2024

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបន្ថែមថ្ងៃឈប់សម្រាកសម្រាប់ “ព្យាបាលបញ្ហាគ្មានកូន” ឱ្យដល់ចំនួន ៦ថ្ងៃដើម្បីលើកទឹកចិត្តពលរដ្ឋខ្លួនសម្រេចចិត្តយកកូនឱ្យបានកាន់តែច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៨ ខែមិថុនា។ សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នច្បាប់ឈប់សម្រាកពិសេសដែលប្រទេសមួយចំនួនគ្មានការអនុវត្តនេះគឺមានរយៈពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ។

ប្រភពខាងលើបានបន្តថា គម្រោងបន្ថែមថ្ងៃឈប់សម្រាកពិសេសនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញថា ក្រុមស្រ្តីដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូងនៅតែខកខានមិនបានទទួលយកច្បាប់ពិសេសនេះ ព្រោះតែពេលវេលាហាក់ដូចជាខ្លីខ្លាំងពេកសម្រាប់ពួកគាត់ ឬក្រុមហ៊ុនខ្លះហាក់មិនមានការលើកចិត្តផ្សេងៗឱ្យបុគ្គលិកជាស្រ្តីទទួលបានច្បាប់នេះទេ។

តាមរយៈការបន្ថែមចំនួនថ្ងៃឈប់សម្រាកនេះអាជ្ញាធរកូរ៉េខាងត្បូងរំពឹងថា ពលរដ្ឋជាច្រើននឹងមានឱកាសសមស្របក្នុងការយកកូន ខណៈវិធានការនេះគឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលរដ្ឋាភិបាលបានដាក់ចេញក្នុងគោលបំណងលើកទឹកចិត្តឱ្យពលរដ្ឋខ្លួនយកកូនឱ្យបានច្រើន។ សូមបញ្ជាក់ជូនថា ការធ្លាក់ចុះអាត្រាកំណើតឬអត្រាពលរដ្ឋកើតថ្មីបានកំពុងក្លាយជាបញ្ហាចម្បងមួយនៅក្នុងសង្គមកូរ៉េខាងត្បូង ដ្បិតពលរដ្ឋកូរ៉េខាងត្បូងកាន់តែច្រើនឡើងៗហាក់លែងមានអារម្មណ៍ចង់បានកូនព្រោះបញ្ហាពិបាកចិញ្ចឹមកូន ខណៈពលរដ្ឋនៅលីវជាច្រើនក៏មិនមានគម្រោងចង់រៀបការនិងបង្កើតគ្រួសារដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: