ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្ម យ៉ាងតឹងរឹង និងធ្ងន់ធ្ងរចំពោះមន្ដ្រី ៥រូប ដែលអនុវត្តការងារមិនសមស្របទៅតាមនីតិវិធីនៃការពិន័យអន្ដរការណ៍ ពេលចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ខេត្តកំពង់ឆ្នាំង
(ភ្នំពេញ)៖ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មបាន បានចេញនូវសេចក្តីប្រកាសព័ត៌មានស្ដីអំពី ការចុះផ្សាយភាពមិនប្រក្រតីនៃការ អនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រី ក.ប.ប. ៥រូប ខេត្តកំពង់ឆ្នាំង។

ក្រសួងបានបន្ថែមថា ពាក់ព័ន្ធនឹងករណីនេះ ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្ដ្រី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួន ៥រូប បានចុះទៅត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារ មន្ដ្រី ក.ប.ប. បានរកឃើញទីតាំងលក់ទំនិញ ៣កន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោមតាមបទប្បញ្ញាត្តិពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ស្របតាមច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្ដែនៅពេលអនុវត្តការងារ មន្ដ្រីទាំង ៥រូព ពុំបានអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីនៃការពិន័យអន្ដរការណ៍ ដែលជាការប្រព្រឹតត្តខុសនីតិវិធីច្បាប់ជាធរមាន។
លើសពីនេះ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរឹងនិងធ្ងន់ធ្ងរ ចំពោះមន្ដ្រីទាំង ៥រូប ស្របតាមបញ្ញាត្តិនៃច្បាប់និងតាមទោសកំហុសដែលបានប្រព្រឹត្ត។
ក្រសួងពាណិជ្ជកម្ម ប្ដេជ្ញាប្រកាន់ខ្ជាប់ដាច់ខាតនិងអនុវត្តយ៉ាងហ្មឹងម៉ាត់តាមអភិក្រម “ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់” ដោយមិនអោយមន្ដ្រីរូបណាប្រព្រឹត្តល្មើសច្បាប់ និងបំពានគោលការណ៍ឆ្លៀតឱកាសកេងចំណេញសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ប៉ះពាល់ដល់អាជីវករ ពាណិជ្ជករ សេវាករ ឬប្រជាពលរដ្ឋជាអ្នកទទួលសេវាក្នុងវិស័យពាណិជ្ជកម្មនេះ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងពាណិជ្ជកម្ម Ministry of Commerce