ជំងឺផ្តាសាយបក្សីបន្តរាតត្បាតដល់កសិដ្ឋានចិញ្ចឹមទានៅអូស្រ្តាលី ខណៈអាជ្ញាធរគ្រោងកម្ចាត់សត្វមាន់ ២២លានក្បាលនៅក្នុងសប្តាហ៍នេះ
- BY
- Pheakdey
- June 14, 2024
អូស្រ្តាលី៖ ជំងឺផ្តាសាយបក្សីនៅតែបន្តផ្តល់ការគំរាមគំហែងយ៉ាងខ្លាំងនៅតាមកសិដ្ឋានចិញ្ចឹមសត្វនៅក្នុងប្រទេសអូស្ត្រាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៤ ខែមិថុនា។ ប្រឈមនឹងការរាតត្បាតជំងឺប្រកបដោយគ្រោះថ្នាក់នេះ កាលពីប៉ុន្មានសប្តាហ៍មុនអាជ្ញាធរអូស្រ្តាលីបានបិទកសិដ្ឋានចិញ្ចឹមមាន់នៅក្នុងទីក្រុង Melbourne ចំនួន ៥កន្លែងរួចហើយ និងបានសម្លាប់សត្វមាន់អស់ជាច្រើនលានក្បាលផងដែរ។

នៅក្នុងសប្តាហ៍នេះជំងឺផ្តាសាយបក្សីប្រភេទ H7N9 បានបន្តរាតត្បាតទៅដល់ក្នុងកសិដ្ឋានចិញ្ចឹមទានៅក្នុងប្រទេសអូស្រ្តាលីជាច្រើនកន្លែងទៀតនៅតំបន់ភាគខាងត្បូងប្រទេស។ នៅចំពោះមុខបញ្ហាបន្ទាន់នេះ អាជ្ញាធរអូស្រ្តាលីគ្មានជម្រើសឯណាក្រៅតែពីសម្លាប់សត្វមាន់សត្វទាទាំងកសិដ្ឋានចោលនោះទេ ដើម្បីទប់ស្កាត់ការចម្លងកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺនៅក្នុងសប្តាហ៍នេះអាជ្ញាធរអូស្រ្តាលីនឹងធ្វើការសម្លាប់សត្វមាន់សម្រាប់ចិញ្ចឹមយកពងខ្ទង់ចន្លោះពី ២១-២២លានក្បាលបន្ថែមទៀត ដែលជាការខាតបង់អស់ប្រាក់យ៉ាងច្រើនផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






