ព័ត៌មានជាតិ

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែមិថុនា អាចនឹងមានភ្លៀងធ្លាក់ លាយលំជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%

BY
Nisaiy KN
June 16, 2024

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី១៦-១៨ ខែមិថុនា ឆ្នាំ២០២៤។


ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៤°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌មានល្បឿនមធ្យម ២,៥ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១៥%។

៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា ២៣°C និងសីតុណ្ហភាពអតិបរមា ៣៣°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម ៣,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ១៥%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ១,០០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: